ក្រសួងសុខាភិបាល ប្រាប់ពីវិធីការការពារខ្លួន ពីការឆ្លងជំងឺស៊ីតាកូស៊ីស ទោះបីកម្ពុជាមិនទាន់រកឃើញមានជំងឺនេះ នៅលើមនុស្សក៏ដោយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis) ដែលជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittaci ដែលជាទូទៅបង្កជំងឺលើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វបក្សីផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។

ក្រសួងបញ្ជាក់ថា មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មិនទាន់រកឃើញមានជំងឺស៊ីតាកូស៊ីសនៅលើមនុស្សនៅឡើយទេ។ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់ នឹងជូនដំណឹងបន្ថែម ប្រសិនបើមានព័ត៌មានថ្មី។

* របៀបចម្លង៖
– មនុស្សអាចឆ្លង តាមរយៈការដកដង្ហើមស្រូបធូលីពីលាមកស្ងួត ទ្រុងបក្សី ទឹករំអិល ឬខ្យល់ដែលមានកាកសំណល់ រោមសត្វ ឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគ
– ការប៉ះពាល់ផ្ទាល់ ដូចជា ថើបសត្វស្លាប ឬប៉ះរោម លាមក ឬជាលិការបស់សត្វស្លាបដែលឆ្លងមេរោគ ទាំងសត្វស្លាបស្រុក និងសត្វស្លាបព្រៃ
– បុគ្គលមានហានិភ័យខ្ពស់រួមមាន ម្ចាស់សត្វស្លាប អ្នកបង្កាត់ពូជ បុគ្គលិកហាងលក់សត្វចិញ្ចឹម បុគ្គលិករោងចក្រសម្លាប់ និងកែច្នៃសត្វបក្សី បុគ្គលិកសួនសត្វ ពេទ្យសត្វ បុគ្គលិកមន្ទីរពិសោធន៍។

– ការឆ្លងមេរោគលើសត្វ អាចបណ្ដាលឱ្យសត្វស្លាប់ផងដែរ។ រោគសញ្ញាលើសត្វស្លាបរួមមាន រាក រោមរួញ ថយចំណង់អាហារ ហូរសំបោរ ទឹករំអិលភ្នែក ឬច្រមុះ លាមកពណ៌បៃតង ឬលឿងបៃតង និងសត្វស្លាបអាចស្លាប់។ ទោះជាយ៉ាងណា សត្វស្លាបខ្លះអាចផ្ទុកបាក់តេរីតដោយមិនបង្ហាញរោគសញ្ញ ប្រសិនបើសង្ស័យថាសត្វស្លាបឆ្លងមេរោគ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីសត្វផ្សេងៗ នាំសត្វស្លាបឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្អាត បាញ់សម្លាប់មេរោគឱ្យទ្រុង ឱ្យបានស្អាត

រោគសញ្ញាលើមនុស្ស៖

– រោគសញ្ញាអាចកើតឡើងក្នុងរយៈពេល ៥ ទៅ ១៤ ថ្ងៃ ឬអាចដល់ទៅ ១ខែ បន្ទាប់ពីការប៉ះពាល់រួមមាន ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង ឬ រលាកសួត។ ក្នុងករណីកម្រ ជំងឺអាចធ្ងន់ធ្ងរ ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចមានផលវិបាក ដូចជារលាកខួរក្បាល ឬរលាកសាច់ដុំបេះដូង ភាគច្រើន អ្នកជំងឺជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា

របៀបបង្ការ៖
– រក្សាអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតជាប្រចាំ បន្ទាប់ពីប៉ះពាល់សត្វបក្សី ឬសម្អាតទ្រុង
– ចៀសវាងការថើបសត្វស្លាប ឬប៉ះពីមាត់ទៅចំពុះ
– ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយសត្វបក្សីដែលឈឺ ឬងាប់
– រក្សាអនាម័យទ្រុង និងកន្លែងចិញ្ចឹមឱ្យស្អាត និងមានខ្យល់ចេញចូលល្អ
– ពាក់ស្រោមដៃ និងម៉ាស នៅពេលសម្អាតទ្រុង ឬកន្លែងមានកាកសំណល់សត្វបក្សី ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យលាមកកកកុញ ឬស្ងួត ដែលបង្កើតជាភាគល្អិតដែលហើរតាមខ្យល់
– នាំសត្វស្លាបឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
– ប្រសិនបើមនុស្សម្នាក់មានសញ្ញា ដូចជា ផ្ដាសាយ ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អកពិបាកដកដង្ហើម អស់កម្លាំងបន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី សូមទៅពិនិត្យពិគ្រោះសុខភាព ឱ្យបានឆាប់រហ័ស និងជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិប៉ះពាល់សត្វបក្សី។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្ដាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕

ព័ត៌មានទាក់ទង