មេទ័ពថៃ ចេញបញ្ជាឲ្យពង្រឹងសន្តិសុខខ្លាំងបំផុតនៅភាគខាងត្បូង អំឡុងថ្ងៃបោះឆ្នោត

ស្របពេលថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ មេទ័ពថៃ បានចេញបញ្ជាឲ្យពង្រឹងសន្តិសុខខ្លាំងបំផុតនៅតំបន់ភាគខាងត្បូង អំឡុងពេលបោះឆ្នោតដើម្បីធានាសុវត្ថិភាព។

បទបញ្ជានេះត្រូវបានដាក់ចេញដោយអគ្គសេនាធិការកងទ័ពជើងគោក Chaiyapruek Duangpraphat អំឡុងពេលចុះទៅពិនិត្យសភាពការណ៍នៅខេត្ត Pattani កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦។

តាមការផ្សាយរបស់ Khaosod, លោក Chaiyapruek បានបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវរៀបចំផែនការសន្តិសុខឲ្យបានតឹងរ៉ឹងបំផុតនៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូង ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលបោះឆ្នោត នៅថ្ងៃអាទិត្យទី៨ខាងមុខ។

បញ្ជានេះកើតឡើងស្របពេលភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហាររាល់ថ្ងៃជាពិសេសការបំផ្ទុះគ្រាប់បែក ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសបន្តបន្ទាប់។

ក្នុងហេតុការណ៍ចុងក្រោយបំផុត មនុស្សម្នាក់ត្រូវបាត់បង់ជីវិត ដោយការបំផ្ទុះគ្រាប់បែកនៅស្រុក Muang ខេត្ត Yala ដែលគេដឹងថា ជាស្នាដៃរបស់ក្រុមបះបោរផ្តាច់ខ្លួន។

ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតឡើងនៅក្នុងខេត្តចំនួន៤គឺ Narathiwat, Pattani, Yala និង Songkhla។ ជម្លោះនេះអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនា។

យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watchគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕

ដោយ កម្ពុជាថ្មី

ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ Bangkok Post)
ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ Bangkok Post)
ព័ត៌មានទាក់ទង