សម្តេច ម៉ែន សំអន ៖ រណសិរ្សប្រទេសកម្ពុជា-វៀតណាម បន្តលើកកម្ពស់តួនាទីរបស់ខ្លួន ដើម្បីចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​បាន​ថ្លែងថា រណសិរ្ស​ប្រទេស​កម្ពុជា-វៀតណាម បន្ត​លើកកម្ពស់​តួនាទី​របស់ខ្លួន ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ ​ខណៈ​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ លោកជំទាវ បួ​យ ធី​មិញ​ហ័យ (Bùi Thị Minh Hoài) ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម កាលពី​រសៀល​ថ្ងៃ​សុក្រ ៤​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ ក្នុងនាម មិត្ត​ជិតស្និទ្ធ និង​ជា​មិត្ត​ល្អ ដែល​តែងតែ​ដើរតួនាទី​ព្រូន​ជ្រំ​នៃ​ទំនាក់ទំនង​កម្ពុជា-វៀតណាម ឱ្យ​កាន់តែ​រឹងមាំ និង​ស្ថិតស្ថេរ​។

ជាការ​ឆ្លើយតប លោកជំទាវ បួ​យ ធី​មិញ​ហ័យ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ទទួល​ជួប​គណៈប្រតិភូ និង​ទទួល​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​។​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​លទ្ធផល​ដែល​មហាសន្និបាត​បក្ស​កុម្មុយនិស្ត​វៀតណាម​លើក​ទី​១៤ សម្រេចបាន ដែល​ធ្វើ​ឲ្យ​វៀតណាម​បង្កើតជា​សន្ទុះ​ថ្មី​សម្រាប់​យុគសម័យ​នៃ​ការអភិវឌ្ឍ​។

ភាគី​ទាំង​ពីរបាន​ឯកភាព​ និង​បន្តធ្វើ​ការរួម​គ្នា​ឱ្យ​កាន់តែ​សកម្ម ដើម្បី​បង្កើត​ផែនការ​អនុវត្ត​ជាក់ស្តែង​របស់​រណសិរ្ស​ទាំងពីរ​រួមគ្នា ដើម្បី​រួមចំណែក​ធ្វើឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់​រឹងមាំ តាមរយៈ​ការ​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បាន​យល់​ជ្រួតជ្រាប​អំពី​ទំនាក់​ទំនងជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ ពិសេស​យុវជន​ជំនាន់​ក្រោយ​។​

‎‎​គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​ខែមីនា ឆ្នាំ​២០២៦ ខាង​មុខនេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន នឹង​ដឹកនាំ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់ លោកជំទាវ បួ​យ ធី​មិញ​ហ័យ (Bùi Thị Minh Hoài) ដើម្បី​ជួបពិភាក្សា និង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា សំដៅ​លើកកម្ពស់​តួនាទី​របស់​រណសិរ្ស​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​រួមចំណែក​ធ្វើឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ និង​យល់​ជ្រួតជ្រាប​ដល់​ស្រទាប់​យុវជន​ជំនាន់​ក្រោយ ព្រមទាំង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​កិច្ចសហប្រតិបត្តិកា​រ​រវាង​រណសិរ្ស​ប្រទេស​ទាំងពីរ សម្រាប់​ឆ្នាំ ២០២៦-២០៣១៕

ព័ត៌មានទាក់ទង