កាលពីថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦ ឧត្តមសេនីយ៍រុស្ស៊ី Vladimir Alekseyev ត្រូវគេប៉ងធ្វើឃាត ក្នុងការបាញ់ប្រហារដ៏កក្រើកនៅភាគខាងលិចទីក្រុងមូស្គូ ប៉ុន្តែមិនអាចយកជីវិតមេទ័ពរូបនេះបានឡើយ ខណៈឥឡូវរុស្ស៊ីស៊ើបដឹងថា ប្រទេសប៉ូឡូញក៏ជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតនេះដែរ។
តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦ ភ្នាក់ងារចារកម្មរុស្ស៊ី FSB បានទម្លាយព័ត៌មានថា ជនសង្ស័យឈ្មោះ Lyubomir Korba ជាពលរដ្ឋរុស្ស៊ីដើមកំណើតអ៊ុយក្រែន គឺជាអ្នករៀបគម្រោងធ្វើឃាតលោក Alekseyev ហើយក្រោយការវាយប្រហារ រូបគេបានគេចទៅដល់ប្រទេសអារ៉ាប់រួម ប៉ុន្តែត្រូវចាប់ខ្លួនបានរួចបញ្ជូនត្រឡប់មកទីក្រុងមូស្គូវិញកាលពីចុងសប្តាហ៍។
អ្វីដែលសំខាន់គឺ FSB អះអាងថាខ្លួនមានព័ស្តុតាងដែលទីក្រុងវ៉ាសូវី បានប្រើប្រាស់កូនប្រុសរបស់ Korba ដែលមានសញ្ជាតិប៉ូឡូញ ឲ្យទៅជួយភ្នាក់ងារចារកម្មអ៊ុយក្រែន SBU ដើម្បីជ្រើសរើសខ្មាន់កាំភ្លើង៕
ប្រភព៖ RT


