ជនបរទេសជាង៤០០នាក់ទៀត ​ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយប្រព្រឹត្តអំពើល្មើសច្បាប់

(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍របស់លោកអភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន៤២៨នាក់ (ស្រី២៦នាក់) មាន១០សញ្ជាតិ រួមមាន លីន៊េរីយ៉ា នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន ចិន ហ្វីលីពីន ថៃ កូរ៉េ មីប៊ី និងឥណ្ឌូណេស៊ី ចេញ​ពី​កម្ពុជា។

ជនបរទេសដែលត្រូវបណ្ដេញនោះ មានជនជាតិចិនចំនួន៣១២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ព័ត៌មានទាក់ទង