មនុស្ស ២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារចុងក្រោយបំផុតរបស់អាមេរិក លើទូកសង្ស័យដឹកគ្រឿងញៀនក្នុងតំបន់ប៉ាស៊ីហ្វិក
(វ៉ាស៊ីនតោន)៖ យោធាអាមេរិក កាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ បានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារលើទូកមួយគ្រឿងសង្ស័យដឹកគ្រឿងញៀន នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្ស២នាក់ និងម្នាក់នៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអួតពីជោគជ័យក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនជាបន្តបន្ទាប់កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ក្នុងការបង្ហោះលើ បណ្ដាញទំនាក់ទំនងសង្គម X យោធាអាមេរិកបាននិយាយថា «ភេរវករគ្រឿងញៀន២នាក់ត្រូវបានសម្លាប់ និងម្នាក់នៅរស់រានមានជីវិតនៅក្នុងការវាយប្រហារ»។ តាមយោធាអាមេរិក ប្រតិបត្តិការមួយកំពុងធ្វើឡើងដើម្បីស្វែងរក និងជួយសង្រ្គាមមនុស្សម្នាក់ដែលនៅមានជីវិតនោះ។
គួរបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃចន្ទ គឺជាការវាយប្រហារលើកទី៣៨ របស់យោធាអាមេរិកប្រឆាំងនឹងអ្វីដែលខ្លួនហៅថាទូកសង្ស័យដឹកគ្រឿងញៀន ដែលគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ មកទល់នឹងពេលនេះមានមនុស្សយ៉ាងហោច ១៣០នាក់ត្រូវបានសម្លាប់៕


