កម្ពុជា និងអាមេនី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីលើកកម្ពស់មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក

(ភ្នំពេញ)៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កម្ពុជា និងអាមេនី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីលើកកម្ពស់មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង Mnatsakan Safaryan អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាមេនី បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។

តាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចពិគ្រោះយោបល់នេះ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ថា ឆ្នាំ២០២៧ នឹងជាខួបអនុស្សាវរីយ៍លើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា–អាមេនី ដែលឆ្លុះបញ្ចាំងពីមិត្តភាព ការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងតម្លៃរួម ក្នុងរយៈពេលជាង ៣ ទសវត្សរ៍។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ភាគីទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម និងកសិ-ឧស្សាហកម្ម អប់រំ ឌីជីថលនីយកម្ម និងទេសចរណ៍។

ភាគីទាំងពីរ ក៏បានឯកភាពស្វែងរកកាលានុវត្តភាពនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អាស៊ាន, សហភាពសេដ្ឋកិច្ចអីរ៉ាស៊ី (EAEU) និង អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ កម្ពុជា បានបញ្ជាក់ការរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋអាមេនី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម រួមទាំងស្ថានភាពព្រំដែនកម្ពុជា–ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទាំងក្នុងតំបន់ និងលើសកលលោក ព្រមទាំងការគោរពសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។

កិច្ចពិគ្រោះយោបល់នយោបាយប្រកបដោយផ្លែផ្កានេះ បានបញ្ចប់ដោយសហប្រធានទាំងពីរ ឯកភាពគ្នាកំណត់ពេលវេលាសមស្រប សម្រាប់កិច្ចពិគ្រោះយោបល់នយោបាយជុំបន្ទាប់ នៅសាធារណរដ្ឋអាមេនី ក្នុងពេលឆាប់ៗខាងមុខ៕

ព័ត៌មានទាក់ទង