អេស្តូនី ចោទរុស្ស៉ីមានផែនការកសាងយោធា ដើម្បីផ្លាស់ប្តូរអំណាចនៅអឺរ៉ុប

(វីលនីញូស)៖ របាយការណ៍ប្រចាំឆ្នាំនៃទីភ្នាក់ងារចារកម្មបរទេសរបស់ប្រទេសអេស្តូនី ចេញផ្សាយកាលពីថ្ងៃអង្គារ បានឱ្យដឹងថា រុស្ស៉ីគ្មានបំណងធ្វើសកម្មភាពយោធា លើប្រទេសសមាជិកអង្គការណាតូ (NATO) ណាមួយនៅឆ្នាំនេះ ឬឆ្នាំក្រោយទេ ប៉ុន្តែកំពុងប្រណាំងប្រជែងលើការកសាងផ្នែកយោធា ស្របពេលអឺរ៉ុបក៏កំពុងបង្កើនការបំពាក់អាវុធឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦។

ប្រធាននៃទីភ្នាក់ងារ លោក Kaupo Rosin បានប្រាប់អ្នកសារព័ត៌មានថា «អឺរ៉ុប ត្រូវតែវិនិយោគលើវិស័យការពារជាតិ និងសន្តិសុខផ្ទៃក្នុង ធ្វើដូច្នេះ នាពេលអនាគត រុស្ស៉ីអាចសន្និដ្ឋានថា ខ្លួនគ្មានឱកាសអាចប្រឆាំងនឹងប្រទេសណាតូបាន»។ លោកបន្ថែមថា «យើងឃើញថាថ្នាក់ដឹកនាំរុស្ស៉ី ព្រួយបារម្ភខ្លាំងអំពីការបំពាក់អាវុធឡើងវិញរបស់អឺរ៉ុប។ ពួកគេយល់ថា អឺរ៉ុបប្រហែលជាធ្វើសកម្មភាពយោធាដោយឯករាជ្យប្រឆាំងរុស្ស៉ី ក្នុងរយៈពេល ២ទៅ ៣ឆ្នាំទៀត។ គោលដៅរបស់រុស្ស៉ី ឥឡូវនេះគឺពន្យារពេល និងរារាំង»

តាមទីភ្នាក់ងារចារកម្មបរទេសរបស់ប្រទេសអេស្តូនី ការផលិតគ្រាប់រំសេវបានយ៉ាងឆាប់រហ័ស ធ្វើឱ្យរុស្ស៉ីអាចស្តុកទុកសម្ភារសម្រាប់ធ្វើសង្គ្រាមនាពេលអនាគត ខណៈបន្តប្រយុទ្ធនៅអ៊ុយក្រែន។ របាយការណ៍ប្រចាំឆ្នាំដដែល ​បានលើកឡើងទៀតថា គោលបំណង​របស់​រុស្ស៉ី​នៅតែ​មិន​ផ្លាស់ប្តូរ​ឡើយ ដោយស្វែងរក​ការធ្វើឱ្យ​សហរដ្ឋអាមេរិក និង​ណាតូ​បាត់បង់​ឥទ្ធិពល ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​សន្តិសុខ​អឺរ៉ុប​ឡើងវិញ ស្របតាម​ចក្ខុវិស័យ​របស់​ខ្លួន៕

ព័ត៌មានទាក់ទង