(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ចិនបានប្រាប់ឱ្យទីក្រុងតូក្យូចាំបាច់ ត្រូវតែបង្ហាញសកម្មភាពជាក់ស្តែងជាមុនសិន បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីបើកចំហចំពោះការចាប់ផ្តើមកិច្ទសន្ទនា ជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សកម្មភាពទាំងនោះ រួមមានទាំងដកសម្តីវិញជុំវិញការអត្ថាធិប្បាយមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោកស្រី Takaichi ដែលបានលើកឡើងថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់។ សម្តីរបស់លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន នាពេលនោះ បានដុតបញ្ឆេះជាជម្លោះការទូតជាមួយទីក្រុងប៉េកាំង អស់រយៈពេលប៉ុន្មានខែមកហើយ។
មួយថ្ងៃក្រោយទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកល លោកស្រី Takaichi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជប៉ុនបើកទ្វារចំហចំពោះការចាប់ផ្តើមកិច្ចសន្ទនាផ្សេងៗ ជាមួយចិន។ នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយរបស់លោកស្រី Takaichi ក្រសួងការបរទេសចិន បាននិយាយថា កិច្ចសន្ទនាពិតប្រាកដ គួរតែកសាងឡើងដោយឈរលើ ការគោរពគ្នាទៅវិញទៅមក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា «ការប្រើសម្តីអះអាងអំពីកិច្ចសន្ទនា ប៉ុន្តែទន្ទឹមគ្នា ធ្វើសកម្មភាពបង្កការប្រឈមមុខ គឺគ្មាននរណាម្នាក់ ទទួលយកកិច្ចសន្ទនាបែបនេះឡើយ។ ទីក្រុងតូក្យូចាំបាច់ត្រូវបានបង្ហាញចេញ នូវបំណងចង់បានកិច្ចសន្ទនាដោយស្មោះត្រង់ តាមរយៈការធ្វើសកម្មភាពជាក់ស្តែង»។
ជាចុងក្រោយ អ្នកនាំពាក្យចិនបានសង្កត់ធ្ងន់ថា «ប្រសិនបើជប៉ុនពិតជាចង់អភិវឌ្ឍទំនាក់ទំនងយុទ្ធសាស្រ្ត និងផ្តល់ប្រយោជន៍ទៅវិញទៅមកជាមួយចិនមែន នោះវាជារឿងងាយស្រួលនិងច្បាស់បំផុត គឺត្រូវតែដកការអត្ថាធិប្បាយខុសឆ្គងរបស់លោកស្រី Takaichi ស្តីពីតៃវ៉ាន់វិញ»៕


