កម្ពុជា កសាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

(ភ្នំពេញ)៖ កម្ពុជា កំពុងកសាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ស្រប​ពេល​ដែលដំណើរការបង្ក្រាបការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុង​ធ្វើសកម្ម​ភាព​យ៉ាងសស្រាក់សស្រាំបំផុត។

យោងតាមក្រសួងយុត្តិធម៌ បានឱ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍​ដឹកនាំ​ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រសួងយុត្តិធម៌​ បាន​រៀប​ចំនូវសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងបានដាក់​ឆ្លង​កិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាព​គ្រប់​​ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិ​ធម៌ បានបើកកិច្ចប្រជុំពិភាក្សាទៅលើការកសាងច្បាប់នេះ ដោយមានការចូលរួមពីតំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារ​ជាតិ​នៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការ​ចំពោះ​កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអង្គភាពនគរបាល​យុត្តិ​ធម៌ផងដែរ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះ។

ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ច្បាប់ស្តីពី «ការប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា» នេះ នឹង​បង្កើតបានជាក្របខ័ណ​្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បី​លើក​កម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោក​តាមប្រព័ន្ធ​បច្ចេក​វិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការ​ប្រឆាំងបទ​ល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។

តាមរយៈការបង្កើតច្បាប់នេះ ក៏ជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ព័ត៌មានទាក់ទង