ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បើចង់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបោសសម្អាតមេ SCAME ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន។
នេះជាការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេ Scams ឱ្យអស់។ បើមិនអស់ទេ វានឹងកើតកូន កើតចៅបន្តមកទៀត។ អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះជាយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញ ឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។
ឯកឧត្ដមអភិបាលរាជធានីបាន បញ្ជាក់ច្បាស់ថា ពេលនេះជាយុទ្ធនាការសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ស។ ប៉ុន្តែមិនមែនមានន័យថា យើងបោះចោលការងារផ្សេងៗមកធ្វើតែរឿងនេះមួយនោះទេ ដូចនេះការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ត្រូវពង្រឹងដែរ មិនត្រូវធ្វេសប្រហែសដាច់ខាត។ ក្នុងនាមអាជ្ញាធរ ត្រូវអនុវត្តការងារទាំងពីរខាងលើនេះ ឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅបន្តរបស់ខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំងដែលសង្ស័យ ឱ្យដូចភ្លៀងរលឹម ជាមួយនឹងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួន ឱ្យអស់លទ្ធភាព និងជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេសសល់ដាច់ខាត នៅក្រោយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខាងមុខ៕


