(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ បាននិយាយថាអ៉ីស្រាអែលនឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនជាទីដែលលោកបានជួបលោក ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បន្ទាប់ពីបានជួបលោក Rubio កាលពីថ្ងៃពុធ លោក Netanyahu បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ថារូបលោកបានចុះហត្ថលេខាលើការបញ្ចូលអ៉ីស្រាអែលជាសមាជិកក្រុមប្រឹក្សាសន្តិភាព។ លោក Netanyahu ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាអំពីអ៉ីរ៉ង់ជាមួយលោក ត្រាំ។ ដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវបានអនុម័តកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិភាព និងបណ្ដាប្រទេសជាច្រើន ធ្វើការជាមួយ UN ដើម្បីបង្កើតកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិមួយក្នុងតំបន់ហ្កាហ្សា។
នៅក្រោមផែនការរបស់លោក ត្រាំ ក្រុមប្រឹក្សាសន្តិភាពនឹងដើរតួនាទីគ្រប់គ្រងតំបន់ហ្កាហ្សាជាបណ្ដោះអាសន្ន។ ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងផ្តោតលើតំបន់ហ្កាហ្សាតែប៉ុណ្ណោះ តែក្រោយមកលោក ត្រាំ បានអះអាងថាក្រុមប្រឹក្សាសន្តិភាពដែលមានរូបលោកជាប្រធាន នឹងចូលរួមចំណែកដោះស្រាយជម្លោះនៅជុំវិញពិភពលោក។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពនឹងត្រូវបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១៩ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការស្ថាបនាតំបន់ហ្កាហ្សាឡើងវិញ។ បទឈប់បាញ់នៅហ្កាហ្សាត្រូវបានរំលោភបំពានម្ដងហើយម្ដងទៀត ដោយក្នុងនោះមន្ត្រីសុខាភិបាលហ្កាហ្សាអះអាងថាមានជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥៨០នាក់ត្រូវបានសម្លាប់ ខណៈទាហានអ៉ីស្រាអែល៤នាក់ត្រូវបានសម្លាប់ចាប់តាំងពីមានបទឈប់បាញ់កាលពីខែតុលា ឆ្នាំមុនមក។
តាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧២ ០០០នាក់ ព្រមទាំងបង្កឱ្យមានគ្រោះអត់ឃ្លាន និងជនភៀសសឹក នៅទូទាំងតំបន់ហ្កាហ្សា។ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស និងស៊ើបអង្កេតមួយរបស់អង្គការសហប្រជាជាតិបានចាត់ទុកទង្វើរបស់អ៉ីស្រាអែលជាអំពើប្រល័យពូជសាសន៍។ ប៉ុន្តែ អ៉ីស្រាអែលហៅសកម្មភាពរបស់ខ្លួនជាសិទ្ធិស្វ័យការពារខ្លួន បន្ទាប់ពីក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលសម្លាប់មនុស្ស ១២០០នាក់ និង២៥០នាក់ ត្រូវបានចាប់ពង្រត់ជាចំណាប់ខ្មាំងកាលពីឆ្នាំ២០២៣៕


