មេទ័ពហ្វីលីពីន៖ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ បន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. បានប្រកាសថា ហ្វីលីពីនក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននៅ​ឆ្នាំ​២០២៦នេះ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍​អាស៊ាន (AOT) ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

លោកអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានប្រកាសបែបនេះ ក្នុងពេលជួបសម្តែង​ការគួរ​សមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និង​គណៈ​ប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកអគ្គមេបញ្ជាការ ក៏​បាន​រំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាង​ប្រទេស​ទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។

ក្នុងន័យនេះ លោកអគ្គមេបញ្ជាការ បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុង​ការបន្ត​ជំរុញ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់​តែរីកចម្រើន​បន្ថែមទៀត។

សម្ដេចមហាបវរធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកអគ្គមេបញ្ជា​ការ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងរីករាយ ដែល​បានជួបជាមួយអគ្គមេបញ្ជាការជាថ្មីម្តងទៀត។ សម្ដេចមហាបវរធិបតី ក៏បានសម្ដែង​នូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការ​ក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការ​ចែក​រំលែកបទពិសោធន៍ និងការកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។

សម្ដេចមហាបវរធិបតី បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ​រវាង​កង​ទ័ពទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើង​ទឹក និងជើងអាកាស។

ពាក់ព័ន្ធនឹងសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ, សម្ដេចប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក៏បានបញ្ជាក់​ជូនអគ្គមេបញ្ជាការ និងគណៈប្រតិភូ នូវការវិវត្តថ្មីៗ នៃសភាព ការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហា​ព្រំដែន​ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរបានឯកភាពគ្នានាពេលកន្លងមក។

បន្ថែមពីលើនេះ, សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់​ក្រុមអ្នក​សង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាម​ជាប្រធានអាស៊ានប្ដូរវេន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាង​សកម្មថែមទៀត​ក្នុង​ការ​សម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។

លោកអគ្គមេបញ្ជាការ បានលើកឡើងថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្ត​ទុកដាក់​ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោល​បំណង​សម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវ​សន្តិ​ភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ៕

ព័ត៌មានទាក់ទង