រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតមិនអោយដុតផាវ កាំជ្រួច ឬគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ
ភ្នំពេញៈ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម÷
១. ហាមដាច់ខាត
– មិនឱ្យមានការដុតផាវកាំជ្រួច ឬបង្កសម្លេងផ្ទះគ្រប់ប្រភេទក្នុងពិធីបុណ្យនេះ
– មិនឱ្យមានការលេងល្បែងសុីសងគ្រប់ប្រភេទ
– មិនឱ្យមានការហែរក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត
២. នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្ករឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។
៣. ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំផាវ កាំជ្រួច ជាតិផ្ទះគ្រប់ប្រភេទ ចូលតាមច្រករាជធានីភ្នំពេញ។
៤. រដ្ធបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជីវិញរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំដល់ មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៥. មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យទូលំលាយ។
៦. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧. ជនណានូវតែបំពាន ឬប្រព្រឹត្តល្មើស មិនគោរពតាមការណែនាំខាងលើ បង្ករឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕




