ទិវានៃក្តីស្រឡាញ់! ក្រសួងកិច្ចការនារី អំពាវនាវដល់យុវវ័យ ពិចារណានូវអ្វីដែលគួរធ្វើ ឬមិនគួរធ្វើសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ
(ភ្នំពេញ)៖ ក្នុងសេចក្ដីអំពាវនាវ របស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា ទិវានៃក្តីស្រឡាញ់ គឺជាព្រឹត្តិការណ៍អន្តរជាតិ មិនមែនជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ យើងទេ ហើយទិវានេះគួរប្រើសម្រាប់ចែករំលែកនូវសេចក្តីស្រឡាញ់ចំពោះមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិជាដើម។
ក្រសួងកិច្ចការនារី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសយុវវ័យ ដែលបាន និងកំពុងរួមចំណែកក្នុង ការថែរក្សា និងលើកកម្ពស់ សីលធម៌សង្គម និងតម្លៃស្ត្រី ព្រមទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ក្នុង ទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ កន្លងមក។
ក្នុងឱកាសនេះ ក្រសួងកិច្ចការនារី សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល ចាស់ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ យុវវ័យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្ត ផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំ និងក្រើនរំលឹកដល់ បងប្អូន កូនចៅ មិត្តភក្តិ គួរពិចារណានូវអ្វីដែលគួរធ្វើឬ មិនគួរធ្វើសម្រាប់ខ្លួនឯង និងក្រុមគ្រួសារក្នុងការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជាក់ពីកតញ្ញូតាធម៌ សក្តិសមជាកុលបុត្រកុលធីតាខ្មែរជាអ្នកបន្តវេន និងពង្រឹងភាពជាពលរដ្ឋក្នុង សង្គមដែលមានអារ្យធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងចូលរួមផ្សព្វផ្សាយ សំដៅ ឈានទៅលុបបំបាត់សកម្មភាពជាអវិជ្ជមាននានាក្នុងសង្គម ដើម្បីថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ
វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរយើង ឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរ៍។
* សេចក្តីស្រឡាញ់ កើតមានចំពោះមនុស្សគ្រប់ៗគ្នា តាមរយៈការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក។
* ការថែរក្សា ការពារ និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាកាតព្វកិច្ចរបស់ យើង ទាំងអស់គ្នា៕


