មន្រ្តីកំពូលនៃមន្ទីរបញ្ចកោណអាមេរិក អំពាវនាវឱ្យ ​NATO ឈរលើភាពជាដៃគូ ជាជាងការពឹងផ្អែក

(ព្រុចសែល)៖ ប្រធានគោលនយោបាយនៃមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក លោក Elbridge Colby កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ បានអំពាវនាវ​ឱ្យអង្គការ NATO ត្រូវឈរលើគោលការណ៍នៃភាពជាដៃគូ ជាជាងការពឹងផ្អែក ស្របពេលដែលលោកបានធ្វើដំណើរមកដល់ ​ទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ដើម្បីចូលរួមកិច្ចប្រជុំ ជាមួយក្រុមរដ្ឋមន្រ្តីការពារជាតិ ​នៃបក្សសម្ព័ន្ធយោធានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth មិនចូលរួមកិច្ចប្រជុំដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ NATO ក្នុងទីក្រុងព្រុចសែលទេ ដោយបានបញ្ជូនលោក Colby ដែលមានឋានៈលំដាប់ទី៣នៅមន្ទីរបញ្ចកោណ ឱ្យចូលរួមតំណាងអាមេរិក ជំនួសវិញ។ អវត្តមានរបស់លោក Hegseth គឺជាលើកទី២ជាប់គ្នា ដែលមន្រ្តីកំពូលនៅក្នុងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានចូលរួមកិច្ចប្រជុំ NATO បន្ទាប់ពីរដ្ឋមន្រ្តីការបរទេស លោក Marco Rubio បានខកខានចូលរួមកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីការបរទេស កាលពីខែធ្នូ ចុងឆ្នាំមុន។

អវត្តមានទាំងនេះ បូករួមជាមួយភាពតានតឹងរវាងលោក ត្រាំ និងក្រុមប្រទេសអឺរ៉ុប ដែលថ្មីចុងក្រោយបង្អស់ គឺជុំវិញរឿងកោះ Greenland បានញ៉ាំងឱ្យមានសំណួរជាថ្មី ពីសំណាក់ក្រុមមន្រ្តីនិងអ្នកវិភាគនៅអឺរ៉ុប អំពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោនចំពោះ​ NATO ដែលបានដើរតួនាទី ជាមូលដ្ឋានគ្រឹះនៃការការពាររបស់ទ្វីបនេះ រាប់ទសវត្សរ៍មកហើយ។

លោក ត្រាំ បានទាមទារម្តងហើយម្តងទៀត ឱ្យក្រុមប្រទេសអឺរ៉ុបដំឡើងការចំណាយលើវិស័យយោធារបស់ពួកគេ បង្កើនការទទួលខុសត្រូវសម្រាប់សន្តិសុខរបស់ខ្លួន ហើយកាត់បន្ថយការពឹងផ្អែកលើអាមេរិក។ កាលពីឆ្នាំទៅ ក្រុមមេដឹកនាំ NATO បានឆ្លើយតបដោយយល់ព្រមចំណាយ ៥ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ និងការវិនិយោគផ្សេងៗដែលពាក់ព័ន្ធសន្តិសុខ។

គួរបញ្ជាក់ថា ជាសញ្ញានៃការប្រែប្រួលតុល្យភាព នៅក្នុងបក្សសម្ព័ន្ធយោធានេះ NATO ទើបតែប្រកាសថា សហរដ្ឋអាមេរិក នឹងប្រគល់ការគ្រប់គ្រងទីបញ្ជាការធំៗ២ នៅ Naples នៃប្រទេសអ៉ីតាលី និងនៅ Norfolk នៃរដ្ឋ ​Virginia មកឱ្យមន្រ្តីអឺរ៉ុប។ កាលពីពេលចាប់ផ្តើមកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការ NATO លោក Mark Rutte បាននិយាយថា សម្ព័ន្ធមិត្ត NATO កំពុងបន្តប្រឹងប្រែងបង្កើនការទទួលខុសត្រូវបន្ថែមទៀត៕

ព័ត៌មានទាក់ទង