ជនបរទេសចំនួន៥១៩នាក់ទៀតពាក់ព័ន្ធករណីឆបោកតាមអនឡាញ (Online Scams) ក្នុងនោះមានជនជាតិចិន៣៩០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី១២-១៣ ខែកុម្ភៈ។ បើតាមអគ្គនាយកអន្តោប្រវេសន៍ ជនបរទេសទាំងនោះដែលត្រូវបានបណ្តេញពីកម្ពុជា ក្រៅពីជនជាតិចិន គឺមានវៀតណាម កេនយ៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប៉ាគីស្ថាន។
អគ្គនាយកអន្តោប្រវេសន៍បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្រាប់ជនជាតិវៀតណាម ត្រូវបានបណ្តេញចេញតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ខណៈជនបរទេសផ្សេងទៀតត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ នាថ្ងៃទី១២ ខែកុម្ភៈ។ ដោយឡែក ថ្ងៃទី១៣ ខែកុម្ភៈ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិចិន៧១នាក់ទៀត ចេញពីកម្ពុជា។
សរុបក្នុងរយៈពេល២ថ្ងៃមកនេះ អគ្គនាយកអន្តោប្រវេសន៍បានបណ្តេញជនជាតិបរទេសចេញពីកម្ពុជាចំនួន៥១៩នាក់។ ការបណ្ដេញចេញជនបរទេសទាំងនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។
អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ៖ « ការអនុវត្តនេះ គឺគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។»។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន គ.ប.ឆ.ប. ក្នុងឆ្នាំ២០២៦នេះ ពោលគឺចាប់ពីដើមខែមករា ដល់ដើមខែកុម្ភៈ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ នៅ១៩០ទីតាំង ក្នុងរាជធានី-ខេត្តចំនួន៨ផ្សេងទៀត ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេស បានជាង ២ ៥០០នាក់ ក្នុងនោះមានជនជាតិចិន នេប៉ាល់ ម៉ាឡេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស។ ប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នៅដើមឆ្នាំនេះ បានធ្វើឱ្យជនបរទេស ជាង១១ម៉ឺននាក់មានចិន វៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន ចាកចេញពីកម្ពុជា។
នៅក្នុងសន្និបាតក្រសួងមហាផ្ទៃ កាលពីសប្តាហ៍មុន ក្រសួងមហាផ្ទៃក៏បានប្រកាសនូវប្រតិបត្តិការខ្នាតធំ «XXL» ដើម្បីបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីទឹកដីកម្ពុជា ត្រឹមកំណត់ត្រឹម ខែមេសា ឆ្នាំនេះផងដែរ។
ដោយឡែក ក្នុងរយៈពេល៩ខែចុងក្រោយ ក្នុងឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជា ទៅប្រទេសកំណើត ចំនួន ២ ៧២២នាក់៕


