មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល បានសន្យាថា នឹងនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យាមកកាន់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្នុងវិស័យអប់រំកម្ពុជា មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល បានសន្យាថា នឹងនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យាមកកាន់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យមួយនេះ ពង្រឹងសមត្ថភាពយុវជន និងធនធានមនុស្ស។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី១៦កម្ភៈ លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល (CICC) បានលើកឡើងថា ដើម្បីចូលរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា លោកនឹងនាំយកនូវជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា។ ការនាំយកបច្ចេកវិទ្យានោះ តាមរយៈកម្មវិធីភាពជាដៃគូដែលមានរចនាសម្ព័ន្ធរវាងស្ថាប័នឧត្តមសិក្សាអ៊ីស្រាអែល-កម្ពុជា ដែលផ្តោតសំខាន់លើការរៀបចំកម្មវិធីបណ្តុះបណ្តាល និងកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាព ក្នុងគោលដៅពង្រឹងសមត្ថភាពនិងផ្លាស់ប្តូរជំនាញដល់យុវជនកម្ពុជា អភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសក្នុងវិស័យអប់រំ និងបានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដែលនឹងផ្តល់ឱកាសឱ្យភាគីទាំងពីរបានស្វែងយល់ពីវប្បធម៌ការងារគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហការក្នុងជំនាញជាច្រើន ជាពិសេសក្នុងជំនាញបច្ចេកវិទ្យា។
លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា ក្នុងស្មារតីនេះ ក្រសួងនឹងពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំការបណ្តុះបណ្តាលតាមបែបផ្លូវការឱ្យកាន់តែប្រសើរឡើង ដោយជឿជាក់ថា នេះគឺជាជំហានដ៏វិជ្ជមានមួយក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹង និងការស្រាវជ្រាវថ្មីៗ ដែលនឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់នាពេលអនាគត ក្នុងយុគសម័យឌីជីថលនេះ៕




