គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ វាយប្រហារលើរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី

(គូឡាឡាំពួ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក US Geological Survey (USGS) នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ៧.១រ៉ិចទ័របានវាយប្រហារលើរដ្ឋ Sabah នៃកោះ Borneo ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាម USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើស្ថិតនៅចម្ងាយជិត ១០០គីឡូម៉ែត្រពីភាគឦសាននៃឆ្នេរទីក្រុង Kota Kinabalu និងមានជម្រៅរញ្ជួយទៅក្នុងដី ៦១៩.៨គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះកើតឡើងនៅម៉ោងប្រមាណ ១២៖៥៧នាទីយប់។ USGS បានបន្ថែមថាលទ្ធភាពនៃអ្នកស្លាប់ ឬរងរបួស ឬក៏ការបំផ្លិចបំផ្លាញនៅមានកម្រិតទាប ហើយមជ្ឈមណ្ឌលតាមដាន រលកស៊ូណាមិរបស់សហរដ្ឋអាមេរិក ក៏មិនបានប្រកាសអាសន្នពីរលកស៊ូណាមិនោះដែរ ដោយនិយាយថាជម្រៅរញ្ជួយរបស់គ្រោះរញ្ជួយដីនេះមានន័យថារលកស៊ូណាមិ មិនត្រូវបានរំពឹងថានឹងកើតឡើងនោះទេ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសសិង្ហបុរី មនុស្សមួយចំនួនក៏បានបង្ហោះលើអនឡាញដែរថាពួកគេមានអរម្មណ៍ពីការរំញ័រ នៅព្រឹកថ្ងៃចន្ទនេះ៕

ព័ត៌មានទាក់ទង