សហភាពអឺរ៉ុបរំពឹងថា សហរដ្ឋអាមេរិកនឹងគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីឆ្នាំមុន ក្រោយលោក ត្រាំ ប្រកាសពន្ធគយថ្មី បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូល
(ព្រុចសែល)៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ គណៈកម្មការអឺរ៉ុប បានទាមទារឱ្យអាមេរិកគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក ដែលភាគីទាំងពីរសម្រេចបានកាលពីឆ្នាំមុន បន្ទាប់ពីតុលាការកំពូលអាមេរិក បានលុបចោលពន្ធគយសកល ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញកន្លងមក ហើយរូបលោកបានឆ្លើយតបវិញ តាមរយៈការប្រកាសពន្ធគយថ្មីផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
គណៈកម្មការអឺរ៉ុប ដែលចរចាគោលនយោបាយពាណិជ្ជកម្ម ជំនួសមុខឱ្យរដ្ឋជាសមាជិកទាំង២៧ របស់ EU បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនចាំបាច់ត្រូវផ្តល់ការបកស្រាយឱ្យច្បាស់លាស់ ស្តីពីជំហានបន្ទាប់របស់ខ្លួន ក្រោយសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក។ បន្ទាប់ពីត្រូវតុលាការកំពូល សម្រេចលុបចោលពន្ធគយសកលរបស់លោក លោក ត្រាំ បានប្រកាសពន្ធគយថ្មីដែលមានលក្ខណៈបណ្តោះអាសន្ន ក្នុងអត្រា១០ភាគរយ លើគ្រប់មុខទំនិញនាំចូលទាំងអស់ ហើយមួយថ្ងៃក្រោយមក លោកបានដំឡើងដល់ ១៥ភាគរយ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីឆ្នាំ២០២៥ បានកំណត់ពន្ធគយអាមេរិកក្នុងអត្រា១៥ភាគរយ សម្រាប់ទំនិញភាគច្រើនរបស់ EU ហើយក៏បានអនុញ្ញាតការយកពន្ធសូន្យ លើផលិតផលមួយចំនួន ដូចជាយន្តហោះ និងគ្រឿងបន្លាស់យន្តហោះផងដែរ។ ក្រោមកិច្ចព្រមព្រៀងនោះ EU បានយល់ព្រមលុបចោលពន្ធនាំចូល លើទំនិញអាមេរិកជាច្រើន ហើយដកថយវិញនូវការគំរាមដំឡើងពន្ធខ្ពស់ ដើម្បីសងសឹក។ បើតាមគណៈកម្មការអឺរ៉ុប ស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់ EU លោក Maros Sefcovic បានពិភាក្សាអំពីបញ្ហាខាងលើ ជាមួយប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ៕


