ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ច្រានចោលការព្រមានរបស់មេទ័ពអាមេរិក អំពីហានិភ័យនៃការវាយប្រហារលើអ៉ីរ៉ង់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានច្រានចោលសេចក្ដីរាយការណ៍ថាដែលមន្ត្រីយោធាកំពូលអាមេរិកបានព្រមានពី ហានិភ័យនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយប្រឆាំងនឹងអ៉ីរ៉ង់ ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោនអាចយកឈ្នះអ៉ីរ៉ង់បានយ៉ាងងាយស្រួលនៅក្នុងគ្រប់សង្រ្គាមទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបាននាំគ្នា រាយការណ៍ថានាយឧត្តមសេនីយ៍ Dan Caine នាយសេនាធិការចម្រុះកងទ័ពអាមេរិក បានព្រមានពីហានិភ័យជាច្រើនពាក់ព័ន្ធនឹង ការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងជម្លោះអូសបន្លាយពេលយូរ។ ក៏ប៉ុន្តែ លោក ត្រាំ បានលើកឡើងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថាសេចក្ដីរាយការណ៍បែបនេះគឺខុស១០០ភាគរយ។ «នាយឧត្តមសេនីយ៍ Dan Caine គឺដូចពួកយើងទាំងអស់គ្នាដែលមិនចូលចិត្តសង្រ្គាមនោះទេ ប៉ុន្តែប្រសិនបើ មានការសម្រេចចិត្តមួយត្រូវបានធ្វើឡើងប្រឆាំងនឹងអ៉ីរ៉ង់ដោយប្រើមធ្យោបាយយោធា នោះនៅក្នុងគំនិតរបស់គាត់ គឺវាជារឿងងាយស្រួលបំផុតដើម្បីយកជ័យជម្នះ»។ នេះជាគូសបញ្ជាក់ របស់លោក ត្រាំ។
គួរបញ្ជាក់ថា សារព័ត៌មានអាមេរិក Washington Post បានឱ្យដឹងថាលោក Caine បានបង្ហាញការព្រួយបារម្ភនៅឯសេតវិមាន និងមន្ទីរបញ្ចកោណថាការខ្វះខាតគ្រាប់រំសេវ និងការខ្វះខាតការគាំទ្រពីសម្ព័ន្ធមិត្តអាចនឹងបង្កើនហានិភ័យគ្រោះថ្នាក់លើកងទ័ពអាមេរិក។ កាសែត Wall Street Journal បានរាយការណ៍ថាទាំងលោក Caine និងក្រុមមន្ត្រីមន្ទីរបញ្ចកោណដទៃទៀតបានព្រមានពីហានិភ័យជាច្រើនដូចជា ការស្លាប់ និងរបួសក្នុងចំណោមកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងគ្រោះថ្នាក់ដែលប្រព័ន្ធការពារដែនអាកាសអាមេរិកអាចនឹងខ្វះខាតគ្រាប់រំសេវ ក្នុងការវាយប្រហារលើអ៉ីរ៉ង់។
ចំណែក សារព័ត៌មាន Axios ក៏បាននិយាយដែរថាលោក Caine បានព្រមានសហរដ្ឋអាមេរិកពីគ្រោះថ្នាក់ ជាប់ផុងក្នុងជម្លោះអូសបន្លាយពេលយូរ៕

