ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបន្តឆាបឆេះអស់រយៈពេល៤ឆ្នាំមកហើយ ទាំងដែលកិច្ចព្រមព្រៀងសន្តិភាពហាក់នៅឆ្ងាយមើលមិនទាន់ឃើញសោះ។ ដ្បិតភាគីទាំងពីរចាប់កាន់អាវុធប្រយុទ្ធគ្នាច្រើនឆ្នាំមកហើយក្តី ប៉ុន្តែឥឡូវ មេដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី អះអាងថា ពូទីន មិនអាចសម្រេចបានគោលដៅសោះឡើយ។
ក្នុងសារបង្ហោះលើបណ្តាញសង្គម Telegram នៅថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦ ដែលគ្រប់ខួប៤ឆ្នាំនៃសង្គ្រាម លោកហ្សេលេនស្គី លើកឡើងថា៖ «ថ្ងៃនេះគឺជាខួបគម្រប់៤ឆ្នាំ ចាប់តាំងពីលោក ពូទីន បើកការវាយលុក ជាមួយគោលដៅ៣ថ្ងៃដណ្ដើមយកទីក្រុងកៀវឲ្យបាន ហើយរឿងនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការតស៊ូរបស់យើង និងអំពីរបៀបដែលអ៊ុយក្រែនបានប្រយុទ្ធតស៊ូអស់រយៈពេលជាយូរមកនេះ»។
លោកបន្តថា៖ «នៅពីក្រោយសម្ដីទាំងនេះគឺជាការឈរជើងរបស់ប្រជាជនយើងរាប់លាននាក់ សេចក្ដីក្លាហានដ៏មហិមា ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ការតស៊ូអត់ធ្មត់ និងមាគ៌ាដ៏វែងឆ្ងាយដែលអ៊ុយក្រែនបានដើរ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ មក។ ក្រឡេកទៅមើលដើមទីនៃការឈ្លានពាន និងឆ្លុះបញ្ចាំងពីថ្ងៃនេះ យើងមានសិទ្ធិពេញលេញក្នុងការនិយាយថា៖ យើងបានការពារឯករាជ្យភាពរបស់យើង យើងមិនបានបាត់បង់រដ្ឋរបស់យើងឡើយ ហើយលោក ពូទីន ក៏មិនបានសម្រេចនូវគោលដៅរបស់គាត់ដែរ។ គាត់មិនអាចបំបាក់ស្មារតីជនជាតិអ៊ុយក្រែនបានទេ ហើយគាត់ក៏មិនបានឈ្នះសង្គ្រាមនេះដែរ។ យើងបានរក្សាការពារអ៊ុយក្រែន ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចបាននូវសន្តិភាព និងយុត្តិធម៌។ ជ័យយោ! អ៊ុយក្រែន»៕
ប្រភព៖ BBC

