រដ្ឋាភិបាលជប៉ុន នឹងដាក់ពង្រាយមីស៉ីលបាញ់ចេញពីដីគោកទៅអាកាស នៅលើកោះភាគខាងលិចដាច់ស្រយាលមួយរបស់ខ្លួន ដែលស្ថិតនៅក្បែរកោះតៃវ៉ាន់
(តូក្បូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលជប៉ុន នឹងដាក់ពង្រាយមីស៉ីលបាញ់ចេញពីដីគោកទៅអាកាស នៅលើកោះភាគខាងលិចដាច់ស្រយាលមួយរបស់ខ្លួន ដែលស្ថិតនៅក្បែរកោះតៃវ៉ាន់ ឱ្យបានត្រឹមឆ្នាំ ២០៣១។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ លោក Shinjiro Koizumi បញ្ជាក់ថាការដាក់ពង្រាយនៅលើកោះ Yonaguni នឹងប្រព្រឹត្តទៅអំឡុងឆ្នាំ ២០៣០ ដែលបញ្ចប់ត្រឹមខែមីនា នៃឆ្នាំ ២០៣១។ លោក Koizumi ដែលបានចុះទៅដល់កោះ Yonaguni កាលពីខែវិច្ឆិកា បានឱ្យដឹងទៀតថា ក្រសួងការពារជាតិនឹងធ្វើសន្និសីទសារព័ត៌មានមួយ សម្រាប់អ្នកស្រុក នាសប្តាហ៍ក្រោយ នៅឯកោះ Yonaguni នោះតែម្តង។ កោះ Yonaguni ស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ និងចម្ងាយ ១ ៩០០គីឡូម៉ែត្រពីទីក្រុងតូក្យូ។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលជប៉ុន បង្ហាញកាលបរិច្ឆេទជាក់លាក់សម្រាប់ការដាក់ពង្រាយមីស៉ីល។ វាស្ថិតក្នុងផែនការដែលប្រកាសកាលពីឆ្នាំ ២០២២ ដើម្បីបង្កើនការការពារដែនអាកាសនៅលើកោះ ដែលមានមូលដ្ឋានទ័ពជប៉ុនស្រាប់៕

