អភិបាលរាជធានីភ្នំពេញ ប្តេជ្ញាបោសសម្អាតបទល្មើស Online Scams ឲ្យអស់ពីមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមពាក់កណ្តាលខែមីនា

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសប្តេជ្ញាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ពីមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។

ការប្តេជ្ញាបែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងឱកាសលោកបើកកិច្ចប្រជុំតាមដានការអនុវត្តការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ឃួង ស្រេង បញ្ជាក់ច្បាស់ៗថា តាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចត្រូវតែប្រយុទ្ធប្រឆាំង និងបោសសម្អាតឲ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រោះប្រទេសកម្ពុជា ទទួលយកតែសេដ្ឋកិច្ចពណ៌ស មិនមែនប្រផេះ ឬខ្មៅទេ។

លោក ឃួង ស្រេង បានបន្តទៀតថា «តាមផែនការរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់ទាំងអស់ ត្រូវតែប្រយុទ្ធប្រឆាំង និងបោសសម្អាត ឲ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះឱ្យអស់ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦នេះ។ សូមស្នើឱ្យកងកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឲ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថាដល់ខែមីនា ត្រូវតែស្អាត»។

លោក ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្កើតក្រុមការងារបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះចំនួន៦ក្រុម ដូច្នេះស្នើឲ្យក្រុមទាំង៦ ចុះអនុវត្តការងារព្រមៗគ្នាតែម្តង នៅតំបន់ណាដែលយើងត្រូវអនុវត្ត។ ក្រោយតំបន់នោះយើងសម្អាតអស់ហើយ ទើបយើងបន្តទៅតំបន់មួយទៀត សំដៅធ្វើយ៉ាងណា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែស្អាតនៅពាក់កណ្តាលខែមីនានេះ។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យខណ្ឌទាំង១៤ ត្រូវម្ចាស់ការក្នុងការបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទន និងគ្រឿងញៀនផងដែរ ពោលគឺត្រូវអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឲ្យបានល្អ។

លោក ឃួង ស្រេង បានណែនាំថា ក្រោយបេសកកម្ម នៃការបោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នេះ អស់ពីភ្នំពេញហើយ រាល់ការផ្ទេរ លក់ ជួលទីតាំង ខុនដូរ អាផាតមិនផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដាច់ខាតត្រូវតែមានលិខិតស្នាមពីអាជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕

ព័ត៌មានទាក់ទង