ស្រីលង្កាចាប់ខ្លួនអតីតប្រធានចារកម្ម ជុំវិញករណីបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០១៩ ដែលផ្តាច់ជីវិតមនុស្សរហូតដល់ជិត២៨០នាក់
(កូឡុំបូ)៖ នាយកដ្ឋានស៉ើបអង្កេតព្រហ្មទណ្ឌនៃប្រទេសស្រីលង្កា កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ បានចាប់ខ្លួនអតីតប្រធានចារកម្ម ក្រោមការជាប់សង្ស័យពាក់ព័ន្ធជាមួយ ករណីវាយប្រហារបំផ្ទុះគ្រាប់បែកថ្ងៃបុណ្យ Easter កាលពីឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សសរុប២៧៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យប៉ូលិសស្រីលង្កា បាននិយាយថា អតីតប្រធានចារកម្ម លោក Suresh Sallay ត្រូវបានឃាត់ខ្លួននៅរដ្ឋធានីកូឡុំបូ នៅក្រោមច្បាប់ទប់ស្កាត់អំពើភេរវកម្ម (PTA) របស់ប្រទេសស្រីលង្កា ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកថ្ងៃបុណ្យ Easter ឆ្នាំ២០១៩ ហើយនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ។
លោក Sallay ត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារចារកម្ម កាលពីចុងឆ្នាំ២០១៩ ដោយលោក Gotabaya Rajapaksa ដែលកាលនោះ នៅជាប្រធានាធិបតីស្រីលង្កា ខណៈអំឡុងពេលករណីបំផ្ទុះគ្រាប់បែក ដែលបានកើតឡើងកាលពីខែមេសា ឆ្នាំដដែលនោះ គឺរូបលោកកាន់តួនាទីជាន់ខ្ពស់មួយ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ។
លោក Sallay ធ្លាប់បដិសេធថា មិនបានប្រព្រឹត្តខុសអ្វីឡើយ នៅពេលប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍កាលពីឆ្នាំ២០២៣ ថា រូបលោកមានជាប់ពាក់ព័ន្ធជាមួយ ក្រុមជនបំផ្ទុះគ្រាប់បែក ហើយបានបណ្តោយឱ្យការវាយប្រហារកើតឡើង ក្រោមចេតនាផ្តល់ផលចំណេញដល់លោក Rajapaksa សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៩។ ប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayake ដែលជាប់ឆ្នោតកាលពីឆ្នាំ២០២៤ បានប្តេជ្ញាថា នឹងកាត់ទោសអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់។
គួរបញ្ជាក់ថា ការវាយប្រហារបន្តបន្ទាប់គ្នាធ្វើឡើង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ត្រូវចំថ្ងៃបុណ្យ Easter Sunday បានកំណត់គោលដៅលើព្រះវិហារគ្រិស្ត៣កន្លែង និងសណ្ឋាគារ៣កន្លែង។ ក្រៅពីផ្តាច់ជីវិតមនុស្ស២៧៩នាក់ វាក៏បានបង្កឱ្យខ្ទង់៥០០នាក់ផ្សេងទៀត រងរបួសផងដែរ ហើយអ្នកទាំងនោះភាគច្រើន គឺស្ថិតក្នុងសហគមន៍គ្រិស្តសាសនិកភាគតិច នៃប្រទេសដែនកោះមួយនេះ៕


