អាហ្វហ្គានីស្ថាន បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅតាមបណ្តោយព្រំដែន ប៉ាគីស្ថាន
ទីបំផុត អាហ្វហ្គានីស្ថាន បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតាមបណ្តោយព្រំដែនប្រទេសប៉ាគីស្ថានហើយ ដែលនេះជាការប្រយុទ្ធគ្នាថ្មីទៀតនៅជ្រុងម្ខាងនៃពិភពលោក ស្របពេលស្ថានការណ៍ជាសកល កំពុងតានតឹងស្រាប់ទៅហើយនោះ។
យោងតាមសារព័ត៌មាន BBC ដែលដកស្រង់ប្រភពពីទីក្រុងឥស្លាម៉ាបាដ, ប្រតិបត្តិការរបស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាននៅតាមបណ្តោយព្រំដែនដែលគេហៅថា Durand Line ប្រវែង២ ៦៤០ គីឡូម៉ែត្រ បានសម្លាប់ទាហានប៉ាគីស្ថាន២នាក់និងរបួស៣នាក់ ប៉ុន្តែក្រុមតាលីបង់ថា ទាហានប៉ាគីស្ថានស្លាប់រាប់សិបនាក់ឯណោះ។
ក្រុមតាលីបង់ ក៏បញ្ជាក់ពីការវាយប្រហារនេះដែរ ថែមទាំងអះអាងថា ខ្លួនចាប់បានទាហានប៉ាគីស្ថានច្រើននាក់និងគ្រប់គ្រងបានប៉ុស្តិ៍យោធា១៥ទីតាំង ព្រមទាំងបង្កការបំផ្លិចបំផ្លាញថែមទៀត ដ្បិតទីក្រុងឥស្លាម៉ាបាដ ចេញមុខបដិសេធរួចហើយក៏ដោយ។
អ្នកនាំពាក្យក្រុមតាលីបង់ Mawlawi Wahidullah Mohammadi បានឲ្យដឹងថា ប្រតិបត្តិការនេះ ចាប់ផ្តើមនៅម៉ោង៨យប់ថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈ ជាការសងសឹកចំពោះទង្វើរបស់ប៉ាគីស្ថាន។
យ៉ាងណា ភ្លាមៗនោះ ប៉ាគីស្ថានបានប្រកាសសងសឹកវិញ ដោយលោក Mosharraf Zaidi ដែលជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី Shehbaz Sharif បានបង្ហាញពីជំហរតបតដោយប្រើកម្លាំងខ្លាំងក្លា។
ក្រោយការព្រមាននេះមិនបានប៉ុន្មានផង គេក៏បានឮសូរសំឡេងផ្ទុះយ៉ាងសន្ធឹកជាច្រើនលើក នៅកណ្តាលក្រុងកាប៊ុល ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីទំហំខូចខាតនិងជនរងគ្រោះនោះទេ។
កាលពីសប្តាហ៍មុន ប៉ាគីស្ថាន បានបើកការវាយប្រហារអាកាសលើអាហ្វហ្គានីស្ថានរួចទៅហើយនៅខេត្ត Nangarhar និង Paktika ភាគខាងកើត សម្លាប់មនុស្ស១៨នាក់។
ទីក្រុងឥស្លាម៉ាបាដ និយាយការពារខ្លួនថា នោះគឺជាប្រតិបត្តិការ «សងសឹកយ៉ាងសមស្រប» ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីដើមខែនេះ ក្នុងទឹកដីខ្លួនដែលផ្តាច់ជីវិតមនុស្ស៣១នាក់ និង១៧០នាក់ទៀតរងរបួស ហើយក្រុមរដ្ឋឥស្លាមខេត្ត Khorasan ចេញមុខទទួលខុសត្រូវ។
សូមជម្រាបជាថ្មី ភាពតានតឹងរវាងប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន បានឡើងកម្តៅខ្លាំងកាលពីខែតុលាឆ្នាំទៅ ដោយភាគីទាំងសងខាងបានចោទប្រកាន់ដាក់គ្នា រឿងបង្កហិង្សាមុន។ ក្រោយមក កិច្ចព្រមព្រៀងឈប់បាញ់មួយក្រោមការសម្របសម្រួលពីប្រទេសកាតា ក៏លេចជារូបរាងឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅតាមព្រំដែនអស់រយៈពេលជាច្រើនថ្ងៃ ដែលបានសម្លាប់ទាហាន និងជនស៊ីវិលរាប់សិបនាក់៕




