តម្លៃភាគហ៊ុនអន្តរជាតិកំពុងធ្លាក់ចុះ ដោយសារតែហានិភ័យនៃជម្លោះយោធានៅមជ្ឈិមបូព៌ា

(មជ្ឈិមបូព៌ា)៖ តម្លៃភាគហ៊ុនអន្តរជាតិ នាថ្ងៃចន្ទ ទី២ ខែមីនា បានធ្លាក់ចុះក្នុងរង្វង់ជាង ២ភាគរយ បន្ទាប់ពីជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា ជំរុញតម្លៃប្រេងឱ្យឡើងខ្ពស់ និងប៉ះពាល់ដល់ស្ថិរភាពទីផ្សារ ខណៈដែលប្រេងគឺជាធាតុចូលដ៏សំខាន់សម្រាប់ឧស្សាហកម្មជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អនុប្រធានជាន់ខ្ពស់ផ្នែកចម្រាញ់ គីមី និងទីផ្សារប្រេងនៅក្រុមហ៊ុន Wood Mackenzie លោក Alan Gelder បាននិយាយថា ស្ថានភាពពេលនេះ គឺជិតស្រដៀងអ្វីដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រ ដោយការបិទផ្លូវនាំចេញប្រេងពីមជ្ឈិមបូព៌ា នៅទសវត្សរ៍ឆ្នាំ ១៩៧០ បានជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។ លោកបន្ថែមថា ការព្យាករដែលថាតម្លៃប្រេងនឹងអាចឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែលសម្រាប់ឆ្នាំ ២០២៦ ទំនងជាអាចនាំមកនូវការខាតបង់។

៩០ដុល្លារក្នុងមួយបារ៉ែល គឺជាតម្លៃថ្លៃណាស់សម្រាប់ជប៉ុន ដែលត្រូវនាំចូលប្រេងសម្រាប់ផ្គត់ផ្គង់ប្រទេសខ្លួន និងជាហេតុនាំឱ្យសន្ទស្សន៍ភាគហ៊ុនក្រុមហ៊ុន Nikkei ធ្លាក់ចុះ ២.៣ភាគរយ ដោយសារក្រុមហ៊ុនអាកាសចរណ៍ ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលរងផលប៉ះពាល់ជាងគេ។ ចំណែក MSCI ដែលជាភាគហ៊ុនអាស៉ីប៉ាស៊ីហ្វិកក្រៅប្រទេស​ជប៉ុន​ បាន​ធ្លាក់ចុះ ០.៦ភាគរយ។

ដោយឡែក ភាគហ៊ុននៅកូរ៉េខាងត្បូងបានធ្លាក់ចុះ ១ភាគរយ បន្ទាប់ពីបានកើនឡើងខ្លាំងក្នុងឆ្នាំនេះ។ សម្រាប់អឺរ៉ុបវិញ ភាគហ៊ុន EURO STOXX 50 បានធ្លាក់ចុះ ១.៩ភាគរយ និង DAX បានធ្លាក់ចុះ ១.៨ភាគរយ។ នៅឯផ្សារហ៊ុន Wall Street ភាគហ៊ុន S&P 500 និងភាគហ៊ុន Nasdaq បានធ្លាក់ចុះ ១.១ភាគរយ។

ទន្ទឹមនេះ បញ្ហាប្រេងបានវាយប្រហារទីផ្សាររូបិយប័ណ្ណ ដោយលុយដុល្លាររងគ្រោះមុនគេ។ សហរដ្ឋអាមេរិកគឺជាអ្នកនាំចេញថាមពលសុទ្ធ ហើយមូលប័ត្របំណុលក្នុងក្រសួងហិរញ្ញវត្ថុ នៅតែត្រូវបានចាត់ទុកជាបណ្តុំសាច់ប្រាក់សម្រាប់ប្រើក្នុងគ្រាមានភាពតានតឹង និងដែលបានធ្វើឱ្យលុយអឺរ៉ូចុះ ០.៤ភាគរយ គឺ ១អឺរ៉ូប ប្តូរបានត្រឹម ១.១៧ដុល្លារប៉ុណ្ណោះ។

ក្រុមអ្នកវិនិយោគ ក៏ត្រូវតាមដានទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះផងដែរ រួមទាំងការស្ទង់មតិពីវិទ្យាស្ថាន ISM ស្តីពីផលិតកម្ម ការលក់រាយ និងរបាយការណ៍ប្រាក់បៀវត្សរ៍។ ភាពទន់ខ្សោយណាមួយ អាចធ្វើឱ្យរង្គោះរង្គើដល់ទំនុកចិត្តផ្នែកសេដ្ឋកិច្ច៕

ព័ត៌មានទាក់ទង