សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីកាត់បន្ថយឱ្យបានជាអតិប្បរមានៅហានិភ័យផ្នែកយុត្ថាធិការ បង្កើនជំនឿទុកចិត្ត សម្រាប់ជំនឿទុកចិត្ត និងធានានៅនិរន្តរ៍ភាព អាជីវកម្មរយៈពេលវែង ស្របតាមការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិពីការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងវិធានច្បាប់និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនៅសុច្ចរិតភាព ក្នុងបរិយាកាសវិនិយោគ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា កម្ពុជាផ្តល់ជូននូវអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រគួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន ដោយឈរលើស្ថិរភាពនយោបាយ ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច លទ្ធភាពចូលទីផ្សារធំទូលាយ និងក្របខ័ណ្ឌគតិយុត្ត និងការកែទម្រង់ប្រកបដោយទស្សនៈវែងឆ្ងាយ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើតបរិយាកាសប្រតិបត្តិការប្រកបដោយសុវត្ថិភាព ដែលមានភាពអាចប៉ាន់ស្មានបាន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យផ្នែកយុត្ថាធិការ បង្កើតទំនុកចិត្ត សម្រាប់ជំនឿទុកចិត្ត និង ធានានូវនិរន្តរភាព អាជីវកម្មរយៈពេលវែង។

បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឱ្យដឹងថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយការចាត់វិធានការច្បាប់ជាក់លាក់ ស៊ីជម្រៅនៅទូទាំងប្រទេស ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញក្នុងរាជធានី-ខេត្ត ខណៈបានជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់ដែលបានចាញ់បោកមេខ្លោង ធ្លាក់ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះ ក្នុងចំណោមជនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកមាន ២៦សញ្ជាតិផ្សេងគ្នា។ ជាលទ្ធផល ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានី-ខេត្ត សរុបចំនួនជាង២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានទាក់ទង