អាមេរិក សន្យាមិនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ ខណៈការវាយប្រហារកាលពីថ្ងៃសៅរ៍ ធ្វើឡើងដោយអ៉ីស្រាអែល
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា រដ្ឋមន្រ្តីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិក នឹងលើកលែងឱ្យហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ ស្របពេលដែលខ្លួនកំពុងរួមគ្នាជាមួយអ៉ីស្រាអែល ធ្វើសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ អ៉ីស្រាអែលបានវាយប្រហារលើទីតាំងស្តុកប្រេង នៅក្នុងនិងជុំវិញរដ្ឋធានីតេហរ៉ង់របស់អ៉ីរ៉ង់ ដែលហាក់ជាលើកដំបូង គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីមួយសប្តាហ៍មុន។ លោក Wright បាននិយាយថា ការវាយប្រហារនោះធ្វើឡើងដោយអ៉ីស្រាអែល ហើយទីតាំងទាំងនោះ គឺជាដេប៉ូស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសអ៉ីរ៉ង់ផ្ទាល់។ លោករដ្ឋមន្រ្តីបានបន្ថែមថា អាមេរិកមិនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលឡើយ ពោលគឺគ្មានផែនការវាយប្រហារឧស្សាហកម្មប្រេង ឧស្សាហកម្មឧស្ម័នធម្មជាតិ ឬមួយក៏អ្វីដែលពាក់ព័ន្ធវិស័យថាមពលរបស់អ៉ីរ៉ង់ នោះទេ។
សង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យជាប់គាំងចរាចរណ៍ដឹកជញ្ជូនផ្លូវទឹកនៅច្រកសមុទ្រ Hormuz ជាទីដែលប្រេងឆៅនិងឧស្ម័នប្រមាណជា ២០ភាគរយរបស់ពិភពលោក ធ្វើដំណើរឆ្លងកាត់ជាប្រចាំ។ ការរាំងស្ទះនេះ បានធ្វើឱ្យរង្គោះរង្គើទីផ្សារថាមល ហើយរុញតម្លៃប្រេងជាសកលកើនឡើងខ្ពស់។ មកទល់ពេលនេះ តម្លៃប្រេងបានឡើងប្រហែល៣០ភាគរយ ដល់ជិត១២០ដុល្លារក្នុងមួយបារ៉ែលហើយ។
គួរបញ្ជាក់ថា ចំពោះមុខការកើនឡើងយ៉ាងគំហុកបែបនេះ លោក Wright បានអះអាងថា ផលរំខានចំពោះឧស្សាហកម្មប្រេងនិងឧស្ម័ន នឹងមានរយៈពេលខ្លីបណ្តោះអាសន្នប៉ុណ្ណោះ យ៉ាងយូរបំផុតគឺត្រឹមប៉ុន្មានសប្តាហ៍ មិនដល់រាប់ខែឡើយ។ លោករដ្ឋមន្រ្តីថាមពលអាមេរិក បានបន្តថា តម្លៃប្រេងមិនគួរឡើងខ្ពស់ជាងនេះទៀតទេ ដោយសារពិភពលោក មានប្រេងច្រើនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់៕


