រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ ការខូចខាត​ បាក់បែក​នៃប្រាសាទព្រះវិហារ មានទំហំរាប់រយដងលើសពី របាយការណ៍របស់អាជ្ញាធរជាតិព្រះវិហារ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងទាំងចិត្តក្ដុកក្ដួលថា ការខូចខាត​ បាក់បែក​ ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែក មានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាតដែលរៀបចំដោយអាជ្ញាធរជាតិព្រះវិហារទៅទៀត ខណៈកន្លងទៅអាជ្ញាធរជាតិព្រះវិហារបានកត់ត្រាការខូចខាតសរុបចំនួន​ ៥៦២កន្លែង។

លោកស្រីរដ្ឋមន្ត្រីបន្ថែមថា គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌​ ហើយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ​ ទោះក្នុងកាលៈទេសៈណាក៏ដោយ​ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២​ ស្តីពីបេតិកភណ្ឌពិភពលោក​ និងអនុសញ្ញាឆ្នាំ១៩៥៤​ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។

នេះជាការលើកឡើងនៅពេលដែលលោករដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា​ និងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅទី២០ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងបេសកកម្មខាងលើនេះ លោកស្រីសភាចារ្យរដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។

តាមរបាយការណ៍កត់ត្រាពីការខូចខាតរបស់អាជ្ញាធរជាតិព្រះវិហារបានឲ្យដឹងថា ប្រាសាទព្រះវិហាររងការខូចខាតចំនួន​ ១៤២កន្លែង​ នៅក្នុងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា​ និងខូចខាតបន្ថែមចំនួន​ ៤២០កន្លែងទៀតក្រោយខែធ្នូឆ្នាំ២០២៥​ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ៕

ព័ត៌មានទាក់ទង