សត្វព្រៃរាប់សិបក្បាលក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ត្រូវបានសង្គ្រោះ ខណៈការដោះអន្ទាក់នៅតែជាកិច្ចការចម្បង
(ស្ទឹងត្រែង)៖ លោក ម៉េង ហៀង ប្រធានអង្គការអភិរក្សសៀមប៉ាង និងជាស្ថាបនិក Siempang Lodge Resort បានឱ្យដឹងថា ក្រុមការងារក្នុងអង្គការអភិរក្សសៀមប៉ាង បានសង្គ្រោះសត្វព្រៃរាប់សិបក្បាល ពីការប្រមាញ់ដោយអន្ទាក់ ដែលពេលនេះសត្វព្រៃជាច្រើនកំពុងទទួលបានការថែទាំពីក្រុមការងារជំនាញ។
បើតាមប្រសាសន៍របស់លោក, អង្គការអភិរក្សសៀមប៉ាង បានដាក់ចេញកម្មវិធីដោះអន្ទាក់រយៈពេល ៣ឆ្នាំមកហើយ ហើយខែដំបូង ក្រុមការងារបានដោះអន្ទាក់ជាង ៥,០០០អន្ទាក់ ដែលស្មើនឹង ៦០,០០០អន្ទាក់ក្នុងមួយឆ្នាំដំបូង។
លោក បានគូសបញ្ជាក់ថា៖ «សួរថាតើសត្វដែលយើងបានជួយសង្គ្រោះបានប៉ុន្មាន? យើងរាប់មិនអស់ទេ។ យើងបានជោគជ័យ ដោយសារចំនួនអន្ទាក់ដែលយើងដោះ ចេះតែថយចុះ អ៊ីចឹងឥឡូវនេះថយបានច្រើន ហើយការអនុវត្តច្បាប់យើងក៏រឹងមាំជាងមុន មានន័យថាពួកគាត់ខ្លាចជាងមុន..»។
សូមជម្រាបថា ដែនជម្រកសត្វព្រៃសៀមប៉ាង មានផ្ទៃដីទំហំ ១៣៣.៧០៧,៧៣ហិចតា ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បង្កើតឡើងក្នុងគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញ លក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ ជាពិសេស ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់៕


