Update ៖ អ្នកបើកបរ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា C.S.6168 ដែលបានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់ស្រមោលនោះឥឡូវសមត្ថកិច្ចបានកំណត់មុខសញ្ញានិងអត្តសញ្ញាណច្បាស់លាស់ហើយ។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុច ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងរវាងរថយន្ត១គ្រឿងម៉ាក MERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខាងបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង លើគន្លងផ្លូវម៉ូតូ។ ដែលម៉ូតូទាំងនោះ មានម៉ាក Honda dream ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1H-2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀតឈ្មោះ ម៉េន ម៉ីនាង ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី (ស្លាប់) និង ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី របួសធ្ងន់ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។
រីឯម៉ូតូទី២ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1S-1965 អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀត ឈ្មោះវុន ស្រីជា ភេទស្រីអាយុ៤៣ឆ្នាំរស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី (ស្លាប់) និងម្នាក់ទៀតឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី (ស្លាប់) ដែលកំពុងបើកបរស្របទិសគ្នា។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា រថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹងតែម្ដង។
បច្ចុប្បន្នរថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោក ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
លោក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងបានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានស្រាវជ្រាវរកឃើញអត្តសញ្ញាណម្ចាស់រថយន្ដ ដែលជាជនបង្កនោះហើយ និងបានបើកបររថយន្តម៉ាក MERCEDES BENZ AMG GT53 ពាក់ស្លាកលេខកម្ពុជា C.S.6168 គឺឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប៉ុន្ដែសមត្ថកិច្ចកំពុងធ្វើការកោះហៅ និងកំពុងតាមស្រាវជ្រាវដោយសារតែជនបើកបររូបនេះបានគេចខ្លួនមិនទាន់ចូលលំនៅឋាននៅឡើយ៕



