Detail Top Banner – Conway

ហេតុអ្វីបានជាគ្រោះថ្នាក់ដែលបង្កដោយកូនអ្នកធំ ពលរដ្ឋចេះមន្ទិលលើប្រព័ន្ធច្បាប់?

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឱ្យមនុស្សចំនួន៥នាក់ រួមទាំងទារក​ក្នុងផ្ទៃដែលមិនទាន់ឃើញពន្លឺថ្ងៃម្នាក់ បាត់បង់ជីវិត។ ចំណែកជនបង្កបានរត់គេចខ្លួន។ សោកនាដកម្មនេះ ធ្វើឱ្យពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដាក់ការមន្ទិល និងព្រួយបារម្ភថា​ អ្នក​ប្រព្រឹត្ត​អាច​រួចផុតពីការទទួលទោស ដោយសារតែគេជាកូនមន្ត្រី។ ហេតុអ្វីបានជានាំគ្នាគិតបែបនេះទៅវិញ?

ប្រហែលជាពលរដ្ឋ មិនទុកចិត្តប្រព័ន្ធច្បាប់ ឬនីតិរដ្ឋកម្ពុជា។ នេះជាចម្លើយ​ខ្លីចំពោះសំណួរខាងលើ។ ក្នុង​វចនានុក្រមខ្មែរ​​សម្តេច​សង្ឃរាជ ជួន ណាត «នីតិ»  មានន័យថា ច្បាប់​,​ឧបាយ​ជា​គ្រឿង​ណែនាំ​,​បែបផែន​,​ទំនៀមទម្លាប់​ប្រពៃណី​ រីឯ «រដ្ឋ» មានន័យថា ប្រទេស​, ដែន​, រាស្ត្រ​,​ប្រជាជន​។

បើយោងតាម​សន្ទានុក្រម​ពាក្យថ្មី​របស់​សាស្ត្រាចារ្យ ទូច គឹម​ស្រ៊ាង «នីតិរដ្ឋ» គឺ​រដ្ឋ​អាស្រ័យ​ច្បាប់​, រដ្ឋ​មាន​ប្រព័ន្ធ​ច្បាប់​,​រដ្ឋ​មានការ​អនុវត្ត​ច្បាប់ ​និង​ការគោរព​ច្បាប់​ដោយ​ពេញលេញ​មាន​ប្រព័ន្ធ​ទទួលខុសត្រូវ និង​យុត្តិធម៌​ជាក់លាក់​។

​ជាទូទៅ នីតិរដ្ឋ គឺមាន​ធាតុ​ចំនួន​៣​។ ទី​១ រដ្ឋ​មានច្បាប់​៖ នៅ​កម្ពុជា អ្នក​ដែលមាន​សិទ្ធិ​ធ្វើ​ច្បាប់ គឺ​រដ្ឋាភិបាល និង​រដ្ឋសភា​, ទី​២ រដ្ឋ​ដែល​អនុវត្តន៍​ច្បាប់​៖ នៅ​កម្ពុជា អ្នក​ដែល​អនុវត្តន៍​ច្បាប់ គឺ​តុលាការ​។​ ទី​៣ ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ មានន័យថា ការអនុវត្ត​ច្បាប់ ត្រូវធ្វើ​ដោយ​ស្មើភាព​គ្នា ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជាតិ​សាសន៍ សាសនា​…។

បើប្រទេសជាតិមានច្បាប់ត្រឹមត្រូវហើយ ចុះហេតុអ្វីបានជាពលរដ្ឋ នៅតែមិនទាន់ទុកចិត្តលើប្រព័ន្ធច្បាប់ទៀត? នោះទំនងជាមកពីបញ្ហាដិតដាមនូវរូបភាពនិទណ្ឌភាពសង្គម។ និទណ្ឌភាព​ គឺជា​ការ​រួចផុត​ពី​សំណាញ់​ច្បាប់​។ ​មានន័យថា ប្រទេសមាន​ច្បាប់​ចែង​ហើយ ​តែ​តុលាការ ឬ មន្រ្តីមានសមត្ថកិច្ច ​មិន​អនុវត្តច្បាប់លើជនប្រព្រឹត្តកំហុស​។​ និទណ្ឌភាព អាចកើតឡើងតាមរយៈអំពើពុករលួយ បក្ខពួកនិយម និងអំណាច (ឥទ្ធិពលរបស់អ្នកធំ)។ល។

ឧទាហរណ៍ ក​រណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យជនរងគ្រោះ៦នាក់ស្លាប់នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ មីនា ២០២៦ ដែល​ជា​បទល្មើស ត្រូវអនុវត្តតាមច្បាប់។ ក្រោយផ្ទុះការរិះគន់ និងទាមទាររកយុត្តិធម៌ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ច ក៏បានកំណត់អត្តសញ្ញាណម្ចាស់រថយន្ត ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍នេះ នៅថ្ងៃទី៣០ មីនា គឺមានឈ្មោះថា ស៊ីវ ជ័យសិដ្ឋ ដែលជាកូនប្រុសរបស់ស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ។ យុវជនរូបនេះ ត្រូវបានកោះហៅឱ្យចូលបំភ្លឺ នៅម៉ោង១០ព្រឹក ថ្ងៃទី១ ខែមេសា នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត ដែលបណ្ដាលឱ្យមនុស្សស្លាប់៥នាក់ នៅលើទឹកដីស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ មីនា ២០២៦ ត្រូវបានសមត្ថកិច្ចអនុវត្តវិធានការផ្លូវច្បាប់ហើយ។ ជនបង្កហេតុនេះ មានឈ្មោះថា វេង គ្រីស្នា ដែលជាអ្នកបើករថយន្តដឹកស្វាយ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយសារឃើញរូបភាពគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា ដោយម្នាក់ត្រូវបានឃាត់ខ្លួនយកមកអនុវត្តច្បាប់ភ្លាមៗក្រោយប្រព្រឹត្តកំហុស ត្រឹមរយៈពេល២៤ម៉ោង។ ចំណែកម្នាក់ទៀត មិនទាន់ត្រូវបានឃាត់មកអនុវត្តច្បាប់ឡើយ ក្រោយលើសពី៧២ម៉ោងហើយ បើគិតមកត្រឹមថ្ងៃទី៣១ មីនានេះ ។ ម៉្លោះហើយទើបពលរដ្ឋចង់ឱ្យមានចំណាត់ការលឿនដូចគ្នា ដើម្បីបញ្ចៀសនិទណ្ឌភាពក្នុងសង្គម។ ក្តីព្រួយបារម្ភនេះ បានឮទៅដល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ជាមួយការយកចិត្តទុកដាក់ទទួលខុសត្រូវផង និងដើម្បីបង្ហាញពីភាពស្អាតស្អំក្នុងសង្គមផង សម្ដេច បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញតាមដានស្រាវជ្រាវរកអ្នកបើកបររថយន្តមកដាក់ទោសតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ និងដើម្បីផ្ដល់ភាពយុត្តិធម៌ដល់គ្រួសារជនរងគ្រោះ។

ប្រមុខរដ្ឋាភិបាល បានសរសេរលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣១ មីនា ដូច្នេះ៖«ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ»។

សាររបស់សម្ដេច ហ៊ុន ម៉ាណែត បានផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលកំពុងឈឺឆ្អាលលើករណីនេះ។ ទន្ទឹមនឹងការសប្បាយចិត្តនេះ ពលរដ្ឋក៏មិនចង់ឃើញបញ្ហាសង្គម ដែលកើតឡើងមកជាបន្តបន្ទាប់នេះ ទាល់តែមានការលូកដៃចូលពីសម្ដេចនាយករដ្ឋមន្រ្តីនោះដែរ។ ពួកគេចង់ឃើញមន្ត្រីមានសមត្ថកិច្ច អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ តម្លាភាព អព្យាក្រឹត្យ និងយុត្តិធម៌សង្គម ជាពិសេសលុបបំបាត់និទណ្ឌភាពសង្គម។ អំពើនិទណ្ឌភាព គឺជាឫសគល់នៃភាពអន្តរាយសង្គម។ វានឹងជះឥទ្ធិពលអវិជ្ជមាន និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជាតិ។ ក្នុងនោះរួមមាន បង្កឱ្យមានបទល្មើសកាន់តែច្រើនឡើងៗ, បង្កើតបរិយាកាសភ័យខ្លាចក្នុងសង្គម, បាត់បង់ទំនុកចិត្តចំពោះសា្ថប័នយុត្តិធម៌, ភាពអយុត្តិធម៌សង្គម, ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងនីតិរដ្ឋ និងធ្វើឱ្យរដ្ឋាភិបាលធ្លាក់ចុះប្រជាប្រិយភាពជាដើម។

មែនទែនទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏ធ្លាប់ប្រកាសតាមវេទិកាសាធារណៈជាច្រើនលើកហើយថា រាល់សកម្មភាពខុសច្បាប់ រាប់ទាំងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សបាត់បង់ជីវិតផង គឺត្រូវចាប់យកមកអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវចំពោះជនប្រព្រឹត្តកំហុស មិនថាអ្នកនោះ ជាអ្នកណា ឬមានអំណាចប៉ុណ្ណាឡើយ។ ប្រសិនបើមានអ្នកមានអំណាចជួយកាងពីក្រោយករណីទាំងនោះ ក៏ត្រូវចាប់យកផ្តន្ទាទោសទាំងអស់។ ការចាប់ ឬឃាត់ខ្លួនជនសង្ស័យមកអនុវត្តច្បាប់ទៀតសោត គឺមិនចាំបាច់សុំគោលការណ៍ឡើយ បើសិនស្ថិតនៅក្នុងបទល្មើសជាក់ស្ដែង។

បើទោះជាប្រមុខរដ្ឋាភិបាល បានប្រកាសបែបនេះក្តី ប៉ុន្តែប្រជាពលរដ្ឋនៅតែមើលឃើញថា ការអនុវត្តច្បាប់ជាក់ស្ដែងរបស់មន្ត្រីមានសមត្ថកិច្ចទាំងនោះ ហាក់មិនទាន់បានល្អឡើយ ជាពិសេសករណីណា ដែលមានពាក់ព័ន្ធជាមួយអ្នកធំ ឬអ្នកមានអំណាច។ ការអនុវត្តច្បាប់បែបនេះហើយ ទើបវាបង្កើតរូបភាពនិទណ្ឌភាពក្នុងសង្គម ហើយធ្វើឱ្យពលរដ្ឋមិនសូវមានទំនុកចិត្តលើប្រព័ន្ធច្បាប់។

សរុបមកវិញ មន្ត្រីអនុវត្តច្បាប់ ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់ឱ្យមានតម្លាភាព ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ សាសនា និងបក្ខពួកនិយមឡើយ។ លើសពីនេះ រដ្ឋាភិបាល ត្រូវរឹតបន្តឹងផ្លូវច្បាប់ថែមទៀត តាមរយៈការចែងអំពីការដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ចំពោះអ្នកប្រព្រឹត្តកំហុស ទើបធ្វើឱ្យមនុស្សកោតខ្លាចរអា លែងហ៊ានប្រព្រឹត្តផ្ទុយច្បាប់។

ត្រូវចាំថា ច្បាប់បង្កើតមក ដើម្បីដាក់ទោសអ្នកប្រព្រឹត្តកំហុសឱ្យបានស្មើភាពគ្នា ពោលគឺមិនមែនសម្រាប់អ្នកមានអំណាច និងទ្រព្យសម្បត្តិយកច្បាប់មកប្រើប្រាស់ ដើម្បីកៀបសង្កត់អ្នកទន់ខ្សោយឡើយ។ ច្បាប់មានតម្លៃ លុះត្រាតែផ្ដល់យុត្តិធម៌ក្នុងសង្គម៕
ប្រភព៖ ថ្មីៗ

ព័ត៌មានទាក់ទង