Detail Top Banner – Conway

ប្រតិបត្តិការនៅខណ្ឌសែនសុខ ៖ ឃាត់ខ្លួនជនបរទេស ៩ នាក់ ក្រោយត្រួតពិនិត្យជាង ៤៤០ នាក់

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ លោក ​ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចម្រុះ ចុះបើកប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋានខណ្ឌសែនសុខ ផ្តោតលើទីតាំងធំៗ ចំនួន ២ រួមមាន សណ្ឋាគារធៀនយី និង ខុនដូរស្តាស៊ីធី ដែលមានអគារសរុបចំនួន ៦ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេស ៩ នាក់ ក្នុងចំណោមជាង ៤៤០ នាក់។

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានឲ្យដឹងថា ទីតាំងទាំងពីរនេះមានបន្ទប់សរុបចំនួន ២,០៣២ បន្ទប់ ដោយមានជនបរទេសស្នាក់នៅចំនួន ៣៤៦ បន្ទប់ ស្មើនឹង ៤៤៧ នាក់ ក្នុងនោះ ស្ត្រីចំនួន ១១៤ នាក់ ដែលមានដល់ទៅ ២២ សញ្ជាតិផ្សេងៗ គ្នា។ ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិចិនច្រើនជាងគេ ដោយមានចំនួន ៣៤៤ នាក់ ស្រី ៧០ នាក់ , បន្ទាប់មកជនជាតិវៀតណាម ៣៩ នាក់ ស្រី ២០ នាក់ , ឥណ្ឌូនេស៊ី ១១ នាក់ ស្រី ៧ នាក់, មីយ៉ាន់ម៉ា ៩ នាក់ ស្រី ៤ នាក់, ឡាវ ៥ នាក់ ស្រី ៤ នាក់ និង គុយបា ៥ នាក់ ស្រី ២ នាក់។ ក្រៅពីនេះ ក៏មានជនជាតិអាមេរិក នីហ្សេរីយ៉ា កូរ៉េខាងត្បូង អាហ្វ្រិកខាងត្បូង ប្រេស៊ីល ហ្វីលីពីន ឥណ្ឌា ប៉េរូ តៃវ៉ាន់ កៀហ្ស៊ីស៊ីស្ថាន ថៃ បារាំង រុស្ស៊ី កូឡុំប៊ី ម៉ាឡេស៊ី និង អ៊ុយក្រែន ផងដែរ។​

លទ្ធផល នៃការត្រួតពិនិត្យបានបង្ហាញថា ជនបរទេសចំនួន ៤៣៨ នាក់ មានលិខិតឆ្លងដែន និង ទិដ្ឋាការត្រឹមត្រូវ ស្របតាមច្បាប់ ហើយពុំមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ បទល្មើសផ្សេងៗ ឡើយ។ ដោយឡែក ជនបរទេសចំនួន ៩ នាក់ ផ្សេងទៀត កំពុងស្នាក់នៅខុសច្បាប់ ដោយក្នុងនោះ រួមមាន ជនជាតិចិន ៧ នាក់ មាន ៦ នាក់ គ្មានលិខិតឆ្លងដែន និង ១ នាក់ ផុតសុពលភាពទិដ្ឋាការ។ បន្ថែមពីនេះ មានជនជាតិនីហ្សេរីយ៉ា ១ នាក់ និង ជនជាតិបង់ក្លាដែស ១ នាក់ ផុតសុពលភាពទិដ្ឋាការផងដែរ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិនម្នាក់ ទោះបីជាមានលិខិតឆ្លងដែន និង ទិដ្ឋាការត្រឹមត្រូវក៏ដោយ ព្រោះបុគ្គលរូបនោះមិនបានសហការជាមួយសមត្ថកិច្ចក្នុងពេលត្រួតពិនិត្យរដ្ឋបាល និង មិនអាចបញ្ជាក់ពីមុខរបរ ឬ សកម្មភាពការងារបានច្បាស់លាស់។

ក្រោយបញ្ចប់ប្រតិបត្តិការ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានសម្រេចប្រគល់ជនបរទេសចំនួន ៩ នាក់ ដែលពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់៕

ព័ត៌មានទាក់ទង
×
Popup Banner