សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យរដ្ឋបាល និងគ្រប់គ្រងការស្នាក់នៅប្រមូលផ្តុំនៅតាមទីតាំងនានាក្នុងខេត្ត ដើម្បីពង្រឹងសន្តិសុខសង្គម និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam) ឱ្យមានប្រសិទ្ធភាព និងអស់ពីមូលដ្ឋាន។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមការណែនាំ និងដឹកនាំផ្ទាល់របស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យនៅតាមផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ រីសត សហគ្រាស និងទីតាំងស្នាក់នៅផ្សេងៗ ជាពិសេសទីតាំងដែលសង្ស័យថា អាចលួចបង្កប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្ត ដើម្បីរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅក្នុងមូលដ្ឋាន។

អាជ្ញាធរខេត្តបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់លើការទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល និងទីតាំងកាស៊ីណូ ព្រមទាំងបង្ការ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា (Online Scam) ដែលកំពុងបង្កការព្រួយបារម្ភដល់សង្គម។
ការបន្តអនុវត្តយុទ្ធនាការនេះ គឺជាផ្នែកមួយនៃវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាពសង្គម និងរក្សាសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តប៉ៃលិន៕





