Detail Top Banner – Conway

អ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់​ខ្លួន​ឡើងវិញ ទោះ​រងការ​វាយ​ប្រហារ​យ៉ាង​ដំណំ

យោងតាមការវិភាគលើរូបភាពពីផ្កាយរណបរបស់​បណ្តាញព័ត៌មាន CNN ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមបើក​ឡើងវិញហើយ​ នូវច្រក​ចូល​ភាគច្រើននៃកន្លែងផ្ទុកមីស៊ីលក្រោមដីរបស់ខ្លួន ដែលធ្លាប់ជាគោលដៅរង​ការ​វាយប្រហារយ៉ាងចាស់ដៃ ក្នុងកំឡុងពេលមានជម្លោះជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

ឃ្លាំង​អាវុធ​ក្រោម​ដី​របស់​​អ៊ីរ៉ង់ 

តាម​ការ​ចុះ​ផ្សាយ​នា​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២៦ របស់ India Today របាយការណ៍របស់ CNN បានអះអាងថា ទីក្រុងតេហេរ៉ង់ នៅតែរក្សាបាននូវសមត្ថភាពវាយប្រហារដោយមីស៊ីលយ៉ាងខ្លាំងក្លា ដដែល បើទោះបីជាត្រូវរងការទម្លាក់គ្រាប់បែកអស់​ជាច្រើនសប្តាហ៍ ក្នុងបំណងកម្ទេចឃ្លាំង​អាវុធទាំងនេះ ក៏ដោយ។ អ៊ីរ៉ង់ បានគ្រប់គ្រង និងបោសសម្អាតដើម្បីបើកច្រកចូលរូងភ្នំបានចំនួន ៥០ច្រក ក្នុងចំណោមច្រកចូលទាំង ៦៩ ដែលត្រូវបានកងទ័ពអាមេរិក និងអ៊ីស្រាអែលវាយប្រហារ នៅតាមទីតាំងមីស៊ីលក្រោមដីចំនួន ១៨កន្លែង។ រូបភាពពីផ្កាយរណប បានបង្ហាញពីសកម្មភាពកាយដីទ្រង់ទ្រាយធំ នៅតាមទីតាំងជាច្រើន ដោយមានការប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយកម្ទេច​កម្ទី និងស្តារផ្លូវចូលទៅកាន់កន្លែងលាក់ខ្លួនក្រោមដីឡើងវិញ។

អ្នកវិភាគ បានគូសបញ្ជាក់ថា ការ​ព្យាយាម​បំផ្លាញឃ្លាំង​អាវុធ ដែលលាក់ខ្លួននៅក្រោមស្រទាប់ថ្ម និងដីដ៏ក្រាស់របស់​អ៊ីរ៉ង់ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។

កាល​ពេលមានជម្លោះ កងទ័ពអាមេរិក និងអ៊ីស្រាអែល បានកំណត់គោលដៅលើផ្លូវថ្នល់ ច្រកចូលរូងភ្នំ និងហេដ្ឋារចនាសម្ព័ន្ធ​បាញ់​បង្ហោះមីស៊ីល ក្នុងបំណង​បង្អាក់​​សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ច្រកចូលជាច្រើន ត្រូវបានកប់នៅក្រោមគំនរ​បែកបាក់ ហើយផ្លូវចូល ត្រូវបានខូចខាត ដោយសារការវាយប្រហារម្ដង​ហើយ​ម្ដង​ទៀត។ ទោះជា​យ៉ាង​នេះក្ដី គ្រាប់មីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានរក្សាទុកយ៉ាងជ្រៅនៅក្រោមស្រទាប់ថ្មភ្នំ ដូច្នេះហើយទើបពួកវាអាចរួចផុត​ពីការវាយប្រហារបាន។

អ្នកជំនាញ បានប៉ាន់ប្រមាណថា អ៊ីរ៉ង់អាចនៅ​​មានមីស៊ីលប្រហែល ១ ០០០គ្រាប់ រក្សាទុក​ក្នុងកន្លែងក្រោមដីទាំងនោះ ដែលទីតាំងជាច្រើន ត្រូវបានសាងសង់ឡើង ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ក្នុងគោលបំណងត្រៀម​ខ្លួន​ទប់ទល់នឹងការវាយប្រហារតាមអាកាសបែប​នេះ។

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ធ្លាប់បានកំណត់ថា ការបំផ្លាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ជាគោលដៅចម្បងនៃសង្គ្រាម ប៉ុន្តែរូបភាពផ្កាយរណបចុងក្រោយ បានបង្ហាញពីល្បឿននៃការជួសជុលដ៏លឿនគួរឱ្យកត់សម្គាល់។ នៅតាមមូលដ្ឋានមីស៊ីលមួយចំនួន គេឃើញក្រុមកម្មករសំណង់ កំពុងកាយកម្ទេចកម្ទេចកម្ទី ចាក់ដីបំពេញរណ្តៅគ្រាប់បែក និងសាងសង់ផ្លូវ ដែលខូចខាតឡើងវិញ។ នៅទីតាំងមួយក្បែរ​ក្រុង Isfahan ដែលធ្លាប់រងការទម្លាក់គ្រាប់បែកជា​ច្រើន​លើក​ច្រើន​សា ពេលនេះមានឡានដឹកដី និងគ្រឿងចក្រ កំពុងបើកច្រកចូលឡើងវិញយ៉ាងសស្រាក់សស្រាំ។

គួរ​រំលឹក​ថា ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្លាប់​បាននិយាយថា អ៊ីរ៉ង់នឹងជួបការលំបាក ក្នុងការជំនួសគ្រឿងបាញ់​បង្ហោះមីស៊ីលដែលបានខូចខាត និងពិបាក​ស្តារឧស្សាហកម្មការពារជាតិរបស់ខ្លួនឡើងវិញ។ យ៉ាង​ណាមិញ ការវាយតម្លៃខាងផ្នែកស៊ើបការណ៍សម្ងាត់​លើក​នេះ បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ន អ៊ីរ៉ង់​បានចាប់ផ្តើមស្តារផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនឡើងវិញបានយ៉ាងលឿន ដែលនេះ​គឺ​ផ្ទុយ​នឹង​ការ​អះអាង​របស់សហរដ្ឋ​អាមេរិក៕

រូបភាព​ផ្កាយរណបដែល​ CNN ចុះផ្សាយ
ព័ត៌មានទាក់ទង
×
Popup Banner