Detail Top Banner – Conway

កម្លាំងនគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​វីឡា​ជួល​ នៅ​ក្រុង​បាវិត ឃាត់ខ្លួនជនសង្ស័យ ៩នាក់

(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញ ស្គេមនៅទូទាំងខេត្តស្វាយរៀង។

កាលថ្ងៃទី១ ខែ​មិថុនា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ គឹម​ ឡៃ​ ស្នង​ការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពីលោក​ ដូរ៉ា​ អង្គ​ប្រទាន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​វីឡា​ជួលរបស់​លោក​ ប៉ុក​ ស៊ី​នៅស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន៩នាក់ (ស្រី៣នាក់) (ជនជាតិ​វៀតណាម​ ៨នាក់​ (ស្រី​៣នាក់) និងជនជាតិ​ចិនម្នាក់។

នគរបាល បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កំព្យូទ័រលើតុ All-In-One ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទសៀលជា​បណ្ដោះអាសន្ន​៕

ព័ត៌មានទាក់ទង
×
Popup Banner