Detail Top Banner – Conway

ចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម

អាជ្ញាធររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលឆែកឆេរនៅអគារ The bridge ឃាត់ខ្លួនជនបរទេសចំនួន ៤ នាក់ គ្មានលិខិតឆ្លងដែន និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម។

ការចុះត្រួតពិនិត្យរដ្ឋបាលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញ អនុវត្តតាមបទបញ្ជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និង លោក ពេញ ភារម្យ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំង អគារ The Bridge ស្ថិតនៅផ្លូវលេខ ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាក់ស្តែងឃើញថា ទីតាំងខាងលើជាប្រភេទអគារសហកម្មសិទ្ធ ចែកចេញជាពីរអគារ Residence និង អគារ Soho។ ក្នុងនោះ ក្រុមការងារសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យផ្នែកអគារ Soho ដែលមានកម្ពស់ ៤០ ជាន់ ស្មើនឹង ៩២៥ បន្ទប់ (ជាន់ទី ១ ដល់ជាន់ទី ៤ ផ្សារទំនើប ជាន់ទី ៥ ដល់ជាន់ទី ១០ ចំណតយានយន្ត ជាន់ទី ១១ និង ទី ១២ ជាន់ប្រព័ន្ធទឹក និង ភ្លើង ជាន់ទី ១៣ អាងហែលទឹក ជាន់ទី ១៤ ដល់ ជាន់ទី ៣៧ បន្ទប់ស្នាក់នៅ ជាន់ទី ៣៨ ដល់ជាន់ទី ៤០ ការិយាល័យរបស់អគារ)។ ជាលទ្ធផល ក្រុមការងារសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យរកឃើញមានមនុស្សស្នាក់នៅសរុបចំនួន ១៩៧ នាក់ ស្រី ៦៧ នាក់ មាន ១៧ សញ្ជាតិ មានលិខិតឆ្លងដែន និង ទិដ្ឋាការចុងក្រោយត្រឹមត្រូវ។

អាជ្ញាធរ បញ្ជាក់ថា មានជនបរទេសស្នាក់នៅខុសច្បាប់ និង ជនបរទេសរក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន ៤ នាក់ រួមមាន ៖ ជនបរទេសដែលពុំមានលិខិតឆ្លងដែនចំនួន ៣ នាក់ (ចិនម្នាក់ , កូរ៉េខាងត្បូងម្នាក់ និង ជប៉ុនម្នាក់) បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ជនបរទេសរក្សាទុកគ្រឿងញៀនខុសច្បាប់ម្នាក់ (ជនជាតិអង់គ្លេស) និង ដកហូតកញ្ឆាក្រៀម ចំនួន ១៣១ ដុំ ស្មើ ៦៥ គីឡូក្រាម (ជាន់ទី ២៣ បន្ទប់លេខ ២៣៥៩) បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

 

ព័ត៌មានទាក់ទង
×
Popup Banner