មន្ត្រីរដ្ឋបាលព្រៃឈើនៃខេត្តសៀមរាបបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបព្រៃឈើក្នុងខេត្តសៀមរាបមានចំនួន២ករណីគឺ ការបង្ក្រាប ករណីទី១ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប

សហការជាមួយកម្លាំងកងរាជអាវុហត្ថស្រុកស្វាយលើ បានឃាត់ចាត់គោយន្តកន្ត្រៃ ១គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅត្រង់ចំណុចភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ។ដកហូតវត្ថុចាប់យក រួមមាន៖ គោយន្តកន្ត្រៃ១គ្រឿង ឈើអារប្រភេទលេខ១(ស្រឡៅ) ចំនួន១ម៉ែត្រត្រីគុណ០២៥ (មួយម៉ែត្រត្រីគុណសូន្យម្ភៃប្រាំ)។ ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ស្ថិតនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។


ករណីទី២ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៤គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅត្រង់ចំណុចភូមិកព្ចាន់រុន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដោយបានដកហូតវត្ថុចាប់យក រួមមាន៖គោយន្តកន្ត្រៃ ចំនួន៤គ្រឿង ឈើអារប្រភេទលេខ៣ (ចំបក់) សរុបចំនួន៤ម៉ែត្រត្រីគុណ១០៥ (បួនម៉ែត្រត្រីគុណមួយរយប្រំា)។ ចំពោះវត្ថុចាប់យកទាំងអស់ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ស្ថិតនៅក្នុងភូមិស្រែពោធិ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕




