ខ្មែរប៉ុស្តិ៍ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៥
មិនខុសពីមនុស្សភាគច្រើន ដែលកើតនៅក្រុងឡូវែល ក្នុងទសវត្សឆ្នាំ ១៩៥០ និង ១៩៦០ ខ្ញុំធ្លាប់ដឹងតិចតួចណាស់អំពីអាស៊ី។ ពីមុនមក ខ្ញុំមិនសូវបានយល់ដឹងច្រើនអំពីវប្បធម៌ជាតិសាសន៍អាស៊ីនេះទេ។ ទើបតែឥឡូវនេះប៉ុណ្ណោះ ដែលខ្ញុំយល់ដឹងច្រើន។ កាលពីមុន ខ្ញុំមិនសូវបានដឹង ដោយសារភាគច្រើននៃជនអន្តោប្រវេសន៍ ដែលមករស់នៅទីក្រុងឡូវែល កាលមុនទសវត្សឆ្នាំ ១៩៨០ គឺសុទ្ធតែអ្នកមកពីប្រទេសអឺរ៉ុប។ ម្យ៉ាងដោយសារ ទីក្រុងឡូវវែលស្ថិតនៅតំបន់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក ម្ល៉ោះហើយអ្នកក្រុងឡូវែលដូចខ្ញុំ ចាប់អារម្មណ៍ប្រទេសអឺរ៉ុបដោយស្វ័យប្រវត្តិ។
ជាអកុសល ដោយសារជម្លោះអន្តរជាតិ ដូចជាសង្គ្រាមលោកលើកទី ២ សង្គ្រាមកូរ៉េ ការដួលរលំនៃរបបកុម្មុនីស្តនៅប្រទេសចិន និង សង្រ្គាមវៀតណាម ទើបធ្វើឲ្យប្រជាជនអាស៊ីមានគំនិតអវិជ្ជមានមកលើជនជាតិអាមេរិកជាទូទៅ។ នេះជារឿងធម្មតា ដ្បិតមនុស្សតែងតែមានគំនិតអរិភាពទៅលើគូបដិបក្ខពេលធ្វើសង្គ្រាម។ ប៉ុន្តែ ការរើសអើងពូជសាសន៍ ក៏ជាកត្តាបណ្តុះឲ្យគំនិតអរិភាពនេះដែរ។ ទោះបីជប៉ុន និង អាល្លឺម៉ង់ ធ្លាប់ជាគូសត្រូវរបស់អាមេរិកយ៉ាងណាក៏ដោយ ក៏ជនជាតិអាមេរិក ចាត់ទុកជនជប៉ុនក្នុងផ្លូវអវិជ្ជមានខ្លាំងជាងជនជាតិអាល្លឺម៉ង់។ ជនជាតិអាមេរិក ៥ ម៉ឺននាក់បានស្លាប់ក្នុងសង្គ្រាមវៀតណាម។ ក្នុងនោះមានអ្នកក្រុងឡូវែល ១៩ នាក់ផងដែរ។ ប៉ុន្តែ រដ្ឋាភិបាលអាមេរិកនៅតែមិនអាចពន្យល់ឲ្យប្រជាជនអាមេរិកជឿបាននៅឡើយ ថាតើសង្គ្រាមនោះមានសារប្រយោជន៍អ្វីខ្លាំងម្ល៉េះ រហូតដល់ពលីជីវិតមនុស្សចំនួនសន្ធឹកយ៉ាងដូច្នេះ។
ការយល់ឃើញអំពីអាស៊ីចាប់ផ្តើមផ្លាស់ប្តូរភ្លាមៗ បន្ទាប់ពីសង្គ្រាមវៀតណាមរលត់។ នៅមុននោះបន្តិច រាល់ផលិតផលដែលនាំមកពីប្រទេសជប៉ុន និង ប្រទេសអាស៊ីដទៃទៀត ត្រូវបានគេចាត់ទុកថាជារបស់“អន់”។ មានន័យថា ផលិតផលទាំងនោះជាទំនិញថោក និង អន់គុណភាព។ ទោះជាយ៉ាងនេះក្តី នៅឆ្នាំ ១៩៧៤ មានបញ្ហាប្រឈមមួយកើតឡើងពីការខ្វះប្រេងឆៅ និង សាំង ដោយសារតែប្រទេសនៅអារ៉ាប់ដាក់ទណ្ឌកម្មផ្នែកនាំចេញទំនិញមកអាមេរិក។ ភ្លាមនោះ ស្រាប់តែរថយន្តតូច ដូចជាប្រភេទរថយន្ត តូយូតា របស់ជប៉ុន និង Datsun (សព្វថ្ងៃហៅថា នីសាន់) ចាប់ផ្តើមមានប្រជាប្រិយភាព ដោយសាររថយន្តទាំងនេះស៊ីសាំងតិច និង ប្រើធន់មិនងាយខូច។ ក្រុមហ៊ុនអាស៊ីឯទៀត ដូចជា សូនី និង សាំស៊ុង ចាប់ផ្តើមលក់ផលិតផលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ ក្នុងទីផ្សារអាមេរិក។
ប្រជាជនអាស៊ីអាគ្នេយ៍ដំបូងៗ ដែលមកកាន់ទីក្រុងឡូវែល មិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនអាមេរិកទេ។ ប៉ុន្តែ នៅពេលជនជាតិអាស៊ីទាំងនេះ កាន់តែបន្តមកច្រើនឡើងៗ អ្នកស្រុកឡូវែលចាប់ផ្តើមចាប់អារម្មណ៍ទៅលើពួកគេ។ អង្គការ ដូចជា Angkor Dance Troupe និង សមាគមខ្មែរ (CMAA) បានខិតខំយ៉ាងអនេក ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និង អាស៊ី ដើម្បីឲ្យប្រជាជនដទៃទៀតនៅក្រុងឡូវែល ដែលមិនមែនជាជនជាតិអាស៊ី បានយល់ដឹងអំពីវប្បធម៌ខ្មែរ និង អាស៊ី។ បច្ចុប្បន្ននេះ គេអាចស្វែងយល់អំពីជនជាតិអាស៊ី និង វប្បធម៌អាស៊ី នៅតាមសាលារៀន អគារពាណិជ្ជកម្ម និង ភោជនីយដ្ឋាន និង នៅតំបន់ ក្រុងឡូវែល។ ទាំងនេះ គឺជាសមិទ្ធិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនខ្មែរក្នុងក្រុងឡូវែល ដែលបានជួយឲ្យទីក្រុងនេះប្រែក្លាយជាទីឋានគាប់ប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា៕