Detail Top Banner – Conway

សមត្ថកិច្ចចុះឆែកឆេរ ៤ទីតាំងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាង ១០០នាក់ និងបិទអគារឆបោកអនឡាញមួយកន្លែង

កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះត្រួតពិនិត្យអគារស្នាក់នៅចំនួន ៤ទីតាំង ក្នុងក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ។ ដោយមានការចូលរួមពី លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងសម្របសម្រួលនីតិវិធីច្បាប់ដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត រួមជាមួយកម្លាំងនគរបាលខេត្ត កងរាជអាវុធហត្ថ និងអាជ្ញាធរក្រុងប៉ោយប៉ែតផងដែរ។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ អាគារស្នាក់នៅចំនួន៤ទីតាំង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញជនបរទេសស្នាក់នៅប្រមូលផ្តុំមិនរាយការណ៍ចំនួន១១៧នាក់ (ស្រី២០នាក់) និងបិទបណ្តោះអាសន្នមួយទីតាំង (Seal Off) ដែលកំពុងដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ជាលទ្ធផល ទីតាំងទី ១ , ៣ , ៤ មានជនបរទេសស្នាក់នៅប្រមូលផ្តុំ និងរក​ពុំ​ឃើញ​មាន​សម្ភារៈ​សម្រាប់​ព្រឹត្ត​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam online)នោះទេ ហើយបានប្រគល់ជូនជំនាញ​អន្តោប្រវេសន៍​ជាអ្នក​គ្រប់គ្រង​និង​បន្តនីតិវិធី​​។ ដោយឡែកទីតាំងទី២ ដែលរកឃើញមានជនបរទេស និងជនជាតិខ្មែរស្នាក់នៅចំនួន ២៧នាក់ (ស្រី១៨នាក់) កំពុងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវបានបិទសៀលទីតាំងជាបណ្តោះអាសន្ន។

ក្រោយប្រតិបត្តិការមនុស្សត្រូវបានកម្លាំង​អធិការ​ដ្ឋាននគរបាល​ក្រុង​ប៉ោយប៉ែត​យក​ទៅសាកសួរនិង​​ស្រាវជ្រាវបន្តតាមនីតិវិធី​​៕

ព័ត៌មានទាក់ទង
×
Popup Banner