ប្រភេទរថយន្តដែលល្មើសច្បាប់ជាច្រើនក្រុមហ៊ុន ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង មិនបង្ក្រាបឡើយ បើទោះបីជារថយន្តទាំងនេះដឹកសំពីងសំពោង កែច្នៃខុសរូបភាពដើម និងបើកចូលក្រុងយ៉ាងណាក៏ដោយ ហាក់មានការគប់គិតដោយបើកភ្លើងខៀវឆ្លងកាត់ដោយសេរី។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានខែកន្លងទៅនេះ គឺមានការផ្លាស់ប្ដូរនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដោយបានបន្សល់នូវរឿងអាស្រូវជាច្រើន ដែលនាយការិយាល័យចាស់បានប្រព្រឹត្ត ហើយបច្ចុប្បន្ន នាយការិយាល័យចាស់ដែលមានឈ្មោះ ចាន់ សុធី ត្រូវបានក្រសួងមហាផ្ទៃផ្លាស់ប្ដូរ ហើយត្រូវបង្ហាញមុខរាល់ម៉ោងធ្វើការនៅក្នុងការិយាល័យបុគ្គលិក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងបានតែងតាំងលោក ម៉ែន បូរី ឱ្យឡើងជំនួសទៅជានាយការិយាល័យស្ដីទី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត។
តាមប្រភពច្បាស់ការមួយបានទម្លាយថា រឿងអាស្រូវនេះត្រូវបានអូសបន្លាយពេលតាំងពីនាយការិយាល័យចាស់នៅគ្រប់គ្រង រហូតមកដល់ពេលនេះគឺរឿងអាស្រូវនេះនៅតែដំណើរការជាធម្មតា ព្រោះសូម្បីតែស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ ក៏មិនដែលដឹកនាំកម្លាំងចុះឃាត់រថយន្តកែច្នៃ និងរថយន្តដែលបើកចូលក្រុងដែលមានបំពាក់ logo សម្រាប់ចំណាំនោះដែរ។

ប្រភពច្បាស់ការដែលសុំមិនបញ្ចេញឈ្មោះបានបន្ថែមថា រថយន្តដែលមានការលើកលែងទំនងជាមានការដាក់ខែគឺជារថយន្តដែលមានបំពាក់ស្លាកនៅពីមុខកញ្ចក់ ដូចជា DN. SS. LMH. KH. TH. TS. K. P. R. HC. SL. BC. និង MK ជាដើម។ ក្រៅពីរថយន្តដែលមានពាក់ស្លាកនៅកញ្ចក់ទាំងប៉ុន្មានខាងលើនេះ ក៏នៅមានរថយន្តរបស់ក្រុមហ៊ុននានាជាច្រើនទៀតនៅក្នុងខេត្ត ដែលជាប្រភេទរថយន្តមិនគ្រប់លក្ខណៈ ដូចជា ក្រុមហ៊ុនដឹកគ្រឿងសំណង់ រថយន្តដឹកទឹកកក រថយន្តដឹកដី រថយន្តដឹកអង្កាម និងរថយន្តប្រភេទកែច្នៃផ្សេងៗទៀត បើជាប្រភេទរថយន្តខុសលក្ខណៈបច្ចេកទេស គឺគ្មានកម្លាំងចរាចរណ៍ណាមួយធ្វើការឃាត់ និងនាំយកចូលទៅកាន់ការិយាល័យដើម្បីធ្វើការផាកពិន័យ នោះឡើយ ដែលបច្ចុប្បន្នរថយន្តទាំងនេះកំពុងធ្វើចរាចរណ៍ពេញក្រុងបាត់ដំបងយ៉ាងអនាធិបតេយ្យ។
តាមរយៈទូរសព្ទ លោក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនជាប្រធានផែនសណ្ដាប់ធ្នាប់ (ការិយាល័យចរាចរណ៍ផ្លូវគោក.ការិយាល័យចរាចរណ៍ផ្លូវទឹក.ការិយាល័យទេសចរណ៍.ការិយាល័យបេតិកភណ្ឌ និង ការិយាល័យសណ្ដាប់ធ្នាប់) មិនអាចសុំការបំភ្លឺបានទេ ដោយលោកថាជាប់រវល់។

លោក ម៉ែន បូរី នាយការិយាល័យស្ដីទី នៃការិយាល័យចលាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីលោកត្រូវបានប្រកាសតែងតាំងជានាយការិយាល័យស្ដីទីមួយរយៈនេះរួចមក គឺលោកពុំមានសិទ្ធិបញ្ជាមន្ត្រីចរាចរណ៍ឲ្យចុះទៅធ្វើការចាប់រថយន្តកែច្នៃ សំពីងសំពោង ឬរថយន្តធំចូលក្នុងក្រុងនោះឡើយ ដែលបច្ចុប្បន្នលោកមានសិទ្ធិត្រឹមតែការងាររដ្ឋបាលនៅក្នុងការិយាល័យប៉ុណ្ណោះ ហេតុដូច្នេះរាល់ការដឹកនាំបង្ក្រាប គឺស្ថិតនៅលើលោកស្នងការរង ឯរូបលោកគឺមិនដឹងអ្វីនោះទេ។
យ៉ាងណាក៏ដោយក៏មានមតិមហាជនជាច្រើន បានធ្វើការរិះគន់ទៅលើចំណាត់ការរបស់សមត្ថកិច្ចទៅលើក្រុមរថយន្តដែលបើកឆ្លងកាត់ និងចូលក្រុងដោយសេរី ហាក់គ្មានការអើពើអំពីការបង្ក្រាបរថយន្តទាំងនេះបន្តិចណាសោះ៕


