Detail Top Banner – Conway

ស្នងការរាជធានី អំពាវនាវយុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើមិនស្តាប់ មានតែផ្លូវច្បាប់ប៉ុណ្ណោះ គ្មានការអប់រំទៀតឡើយ

នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារថ្មី បន្តអំពាវនាវដល់យុវជនទាំងអស់ សូមជៀសឲ្យឆ្ងាយពីសកម្មភាពក្មេងទំនើង បើមិនស្តាប់មានតែអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ គ្មានការអប់រំទៀតឡើយ។

ការបន្តអំពាវនាវជាថ្មីរបស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងក្រោយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ បានស្រាវជ្រាវតាមបង្ក្រាបក្រុមក្មេងៗ ដែលបានប្រព្រឹត្តសកម្មភាពវាយតប់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និង ខណ្ឌឫស្សីកែវ ក្នុងពេលថ្មីៗ នេះ ដោយបានបែកធ្លាយជាឃ្លីបវីដេអូ រងការរិះគន់ពីមហាជននៅលើបណ្តាញទំនាក់ទំនងសង្គម។

តាមរយៈសំណេរផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរថា «ខ្ញុំសូមអំពាវនាវដល់ក្មួយៗ ព្រមទាំងសិស្សានុសិស្ស រក្សាប្រពៃណីក្រមសីលធម៌ និង សូមអាណាព្យាបាល សូមយកចិត្តទុកដាក់ឆ្លៀតពេលណែនាំអប់រំកូនៗ ក្មួយៗ ផង កុំឲ្យពួកគាត់បំផ្លាញអនាគតរបស់ខ្លួនទាំងវ័យក្មេងបែបនេះ (ដែលមហាជន និង សង្គមជាតិ ស្អប់ខ្ពើម)។

ទាក់ទិននឹងបញ្ហាក្មេងទំនើងនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តនៅទូទាំងប្រទេស ក៏បាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ សម្តេចប្រមុខថ្នាក់ដឹកនាំ សំដៅធ្វើយ៉ាងណាទប់ស្កាត់ និង បង្ក្រាបដាច់ណាត់ មិនត្រូវឲ្យសកម្មភាពក្មេងទំនើងមួយក្តាប់តូច អាចចូលមកបង្កចលាចលអុកឡុកក្នុងសង្គមជាតិ ប៉ះពាល់ដល់សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈនោះឡើយ៕

ព័ត៌មានទាក់ទង
×
Popup Banner