ប្រធានាធិបតីអ៊ីរ៉ង់៖ សេដ្ឋកិច្ចអ៊ីរ៉ង់កាន់តែដុនដាប ក្រោយការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian លើកឡើងកាលពីថ្ងៃសៅរ៍ថា បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់មានសភាពកាន់តែអាក្រក់ទៅៗ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយសារតែការធ្លាក់ចុះនៃប្រាក់ចំណូលលើវិស័យប្រេង និងការបំផ្លាញរោងចក្រធំៗ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ។
ក្នុងសុន្ទរកថាដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Pezeshkian បានសន្មតថា តម្លៃកើនឡើងដោយសារតែការចំណាយខ្ពស់ និងការធ្លាក់ចុះនៃប្រាក់ចំណូលរដ្ឋ ដែលជាលទ្ធផលនៃការធ្លាក់ចុះនៃការលក់ប្រេង។

លោកលើកឡើងថា ទំនិញនាំចូលពីមុន បានទៅដល់ប្រទេសអ៊ីរ៉ង់តាមរយៈផ្លូវដោយផ្ទាល់ ប៉ុន្តែឥឡូវនេះចូលប្រទេសតាមរយៈបណ្តាញជំនួស ដែលជំរុញឱ្យតម្លៃចុងក្រោយកើនឡើង។
លោកថា៖ « ប្រាក់ចំណូលរបស់យើងបានធ្លាក់ចុះ។ យើងធ្លាប់លក់ប្រេង ប៉ុន្តែឥឡូវនេះយើងមិនអាចលក់វាបានទេ»។
លោក Pezeshkian និយាយថា ការខូចខាតដល់រោងចក្រឧស្សាហកម្មរបស់ប្រទេស អំឡុងពេលសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះកាន់តែធ្ងន់ធ្ងរឡើង។
លោកបន្តថា៖ « ពួកគេបានកំណត់គោលដៅ និងបំផ្លាញរោងចក្រមួយចំនួនធំ។ ការខូចខាតនេះក៏បានប៉ះពាល់ដល់ប្រាក់ចំណូលពន្ធផងដែរ។ យើងលែងអាចប្រមូលពន្ធពីរោងចក្របានទៀតហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏ត្រូវផ្តល់មូលនិធិដល់ពួកគេ[អាមេរិក-អ៊ីស្រាអែល]ផងដែរ…»។
លោកបន្ថែមថា៖ « បញ្ហារបស់យើងបានកើនឡើងច្រើនដង ខណៈ ប្រាក់ចំណូលរបស់យើងក៏បានធ្លាក់ចុះផងដែរ»។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ពេលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធា នុយក្លេអ៊ែរ និងថាមពល៕


