នគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្រ្កាបជាក់ស្តែងលើមុខសញ្ញាក្មេងទំនើងសកម្មចំនួន ២ក្រុម (ក្រុម MTT និង TTH) សរុប ១៦នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ។ តាមការបញ្ជាក់ពីនគរបាលជំនាញបានអោយដឹងថា តាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពី លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ បញ្ជាអោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយបានសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ យ៉ាងយកចិត្តទុកដាក់ ។

រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១៦នាក់ និងដកហូតម៉ូតូចំនួន ៦គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៦នាក់ ត្រូវបាននគរបាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានជនសង្ស័យជាក្រុមក្មេងទំនើង ចំនួន២ក្រុម បង្កហិង្សាដោយប្រើមួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ វាយនិងគប់គ្នា ទៅវិញទៅមក ធ្វើឲ្យខូចខាតម៉ូតូចំនួន ០១ គ្រឿងទៅវិញទៅមកធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងសន្តិសុខសង្គម ៕





