Detail Top Banner – Conway

ប្រទេសឥស្លាមធំៗទាំង៨ ថ្កោលទោស អ៊ីស្រាអែល ជុំវិញការបដិសេធផែនការសន្តិភាពហ្គាហ្សា​​

ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាន់សាសនាឥស្លាមចំនួន ៧ ផ្សេង​​​ទៀត ​នៅ​​ថ្ងៃទី១៦ បានរួមគ្នាថ្កោលទោសចំពោះការបដិសេធរបស់​ប្រទេស​អ៊ីស្រាអែល ទៅលើផែនទីបង្ហាញផ្លូវ ដែលទើបតែចេញផ្សាយ សម្រាប់ការអនុវត្តពេញលេញនៃផែនការសន្តិភាពហ្គាហ្សារបស់ប្រធានាធិបតីសហរដ្ឋ​អាម៉េរិក លោក​ ដូណាល់ ត្រាំ។

ប្រមុខការទូតនៃប្រទេសអារ៉ាប៊ីសាអូឌីត អេស៊ីប ហ្សកដានី ប៉ាគីស្ថាន ឥណ្ឌូណេស៊ី តួកគី កាតា និង អេមីរ៉ាតអារ៉ាប់រួម បាន​បញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា ពួកគេ ថ្កោលទោស​​នូវ​​ការប្រកាស​បដិសេធ​របស់អ៊ីស្រាអែលចំពោះផែនទីបង្ហាញផ្លូវ និងចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយបានចោទប្រកាន់​អ៊ីស្រាអែល​ថា បានបំផ្លាញដល់ការអនុវត្តផែនការនេះ ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងនានាដើម្បីសម្រេច​បាននូវសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង។ នេះបើយោងតាមការចុះផ្សាយពី dw

កាលពីខែមុន លោក ត្រាំ បានប្រកាសថា មានរបកគំហើញថ្មីមួយនៅក្នុងផែនការរបស់លោក ដើម្បីបញ្ចប់សង្គ្រាម។ ផែនការសន្តិភាពរបស់លោក ត្រាំ បានអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់នូវរាល់ប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សា។ ផែនការនេះក៏បានចែងទុកជាមុននូវការដកហូតអាវុធពីក្រុមហាម៉ាស ខណៈពេលដែលកងទ័ពអ៊ីស្រាអែលដកថយចេញពីទឹកដីដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមមួយនេះ ហើយតំបន់ហ្គាហ្សានឹងត្រូវកសាងឡើងវិញក្រោមរដ្ឋបាលស៊ីវិលប៉ាឡេស្ទីនថ្មីមួយ។

ក្រោយមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ​ណេតាន់​យ៉ាហ៊ូ  បានសម្តែងការជំទាស់ចំពោះផែនការរបស់អាមេរិកនេះ សូម្បីតែបន្ទាប់ពីលោកទទួលបានការធានាអះអាងពីលោក Nickolay Mladenov ដែលជាតំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ថា អ៊ីស្រាអែលនឹងមិនចាំបាច់ដកទ័ពចេញពីតំបន់ហ្គាហ្សាឡើយ រហូតទាល់តែក្រុមហាម៉ាសបានទម្លាក់អាវុធទាំងស្រុងក៏ដោយ។

ដោយឡែក ក្រុមហាម៉ាសបានប្រកាសថា ខ្លួនបានយល់ព្រមតាមផែនការនេះ ដើម្បីចៀសវាងការផ្ទុះឡើងវិញនៃជម្លោះ ប៉ុន្តែបានបន្ថែមថា ការអនុវត្តកិច្ចព្រមព្រៀងនេះ នឹងអាស្រ័យទៅលើការដែលអ៊ីស្រាអែលត្រូវបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនជាមុនសិន រួមទាំងការដកកងកម្លាំងរបស់ខ្លួន និងការបញ្ឈប់ការវាយប្រហារផងដែរ៕

ព័ត៌មានទាក់ទង
×
Popup Banner