សិស្សថ្នាក់ទី៧ម្នាក់ នៅហ្វីលីពីន ពាក់កាមេរ៉ាផ្សាយបន្តផ្ទាល់ ធ្វើការបាញ់ប្រហារក្នុងសាលា ស្លាប់មនុស្ស ២នាក់
ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ បានកើតឡើងនៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ នៅក្នុងបរិវេណវិទ្យាល័យ Ateneo de Zamboanga ស្ថិតក្នុងទីក្រុង Zamboanga ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយសិស្សថ្នាក់ទី៧ ម្នាក់បានប្រដាប់ដោយកាំភ្លើង ២ដើម ចូលទៅបាញ់ប្រហារនៅក្នុងបន្ទប់រៀន ហើយថែមទាំងបានពាក់កាមេរ៉ាជាប់ខ្លួន ដើម្បីផ្សាយបន្តផ្ទាល់ (Livestream) សកម្មភាពនេះនៅលើបណ្តាញសង្គមទៀតផង។ នេះបើយោងតាមសារព័ត៌មាន CNA។
អំពើហិង្សានេះ បានបណ្តាលឱ្យសិស្ស ២នាក់បាត់បង់ជីវិត ដែលក្នុងនោះមានសិស្សថ្នាក់ទី១០ម្នាក់ និងខ្មាន់កាំភ្លើងផ្ទាល់ដែលបានបាញ់ផ្តាច់ជីវិតខ្លួនឯង ព្រមទាំងបង្កឱ្យមនុស្ស ២នាក់ផ្សេងទៀតរងរបួស។
យោងតាមការបញ្ជាក់ពីលោក Khymer Adan Olaso អភិបាលក្រុង Zamboanga និងអាជ្ញាធរនគរបាលតំបន់ ខ្មាន់កាំភ្លើងដំបូងឡើយ បានតម្រង់ការបាញ់ប្រហារទៅលើគ្រូបង្រៀនម្នាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា គ្រូបង្រៀនរូបនោះរងរបួស ឬយ៉ាងណានោះទេ។ បន្ទាប់មក ជនបង្កបានបាញ់ទៅលើសិស្សរងគ្រោះ មុនពេលបាញ់សម្លាប់ខ្លួនឯងនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗបន្ទាប់ពីកើតហេតុ លោក Ernald Andal នាយកវិទ្យាល័យ បានបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចបានចូលគ្រប់គ្រងស្ថានការណ៍ និងធានាសុវត្ថិភាពក្នុងបរិវេណសាលាទាំងស្រុងហើយ ខណៈគ្រប់ភាគីពាក់ព័ន្ធកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនគរបាល ដើម្បីធ្វើការស៊ើបអង្កេត និងបានជូនដំណឹងឱ្យអាណាព្យាបាលមកទទួលសិស្សត្រឡប់ទៅផ្ទះវិញ។
ពាក់ព័ន្ធនឹងដើមចម និងមូលហេតុពិតប្រាកដនៃបទល្មើសដ៏សាហាវនេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងនគរបាលជាតិហ្វីលីពីន (PNP) បានថ្លែងថា មិនទាន់អាចបញ្ជាក់បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ ក្រុមអ្នកស៊ើបអង្កេត និងផ្នែកកោសល្យវិច័យកំពុងបន្តសាកសួរ និងប្រមូលភស្តុតាងយ៉ាងយកចិត្តទុកដាក់ រួមទាំងការពិនិត្យមើលវីដេអូផ្សាយបន្តផ្ទាល់ និងសកម្មភាពលើបណ្តាញឌីជីថលរបស់ជនបង្ក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងបញ្ជាក់ថា តើមានទំនាស់បុគ្គលរវាងខ្មាន់កាំភ្លើង និងជនរងគ្រោះដែរឬទេ៕


