ព្រំដែនកំណត់ដោយច្បាប់ មិនមែនដោយកាណុងកាំភ្លើ.ង ! កម្ពុជាទម្លា.យការពិតជុំវិញសកម្មភាពយោធាថៃលើដីជាក់ស្តែង
រាជធានីភ្នំពេញ ៖ សន្តិភាពត្រូវឈរលើច្បាប់ មិនមែនលើកម្លាំងឡើយ ហើយបញ្ហាព្រំដែនកម្ពុជា-ថៃ មិនគួរត្រូវបានដោះស្រាយដោយការប្រកួតប្រជែងថា អ្នកណាអាចដាក់កម្លាំងបានច្រើនជាង រាយបន្លាលួសបានឆ្ងាយជាង ឬបង្កើត facts on the ground បានលឿនជាងនោះទេ ។ នេះបើតាមការបញ្ជាក់ក្នុងសំណេររបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦យ៉ាងដូច្នេះ ៖ ព្រំដែនរវាងរដ្ឋត្រូវកំណត់ដោយ ច្បាប់ សន្ធិសញ្ញា ផែនទី ឯកសារព្រំដែន និងយន្តការដោះស្រាយវិវាទដោយស ន្តិវិធី ។ ហេតុនេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី ត្រូវវាយតម្លៃដោយផ្អែកលើច្បាប់ និងភស្តុតាង មិនមែនដោយទទួលយកស្ថានភាពដែលកម្លាំងយោធាបានបង្កើតឡើងជាការពិតថ្មីនោះទេ។
លោកបានលើកឡើងថា ប្រវត្តិសាស្ត្រអាចកត់ត្រាថា កងទ័ពណាមួយធ្លាប់ឈរនៅទីណា ។ ប៉ុន្តែច្បាប់ជាអ្នកកំណត់ថា ទឹកដីនោះស្ថិតក្រោមអធិបតេយ្យភាពរបស់អ្នកណា ។ បន្លាលួសអាចរារាំងមនុស្ស ប៉ុន្តែមិនអាចរារាំងច្បាប់បាន ។ កុងតឺន័រអាចបិទផ្លូវ ប៉ុន្តែមិនអាចបង្កើតព្រំដែនបាន ។ កងទ័ពអាចកាន់កាប់ទីតាំងមួយខុសច្បាប់ដោយកម្លាំង ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ ។
បន្ថែមពីនេះលោករដ្ឋមន្ត្រីលើកឡើងទៀតថា នេះមិនមែនគ្រាន់តែជាការការពារទឹកដីកម្ពុជាទេ ។ វាជាការការពារគោលការណ៍មូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិថា ៖ ព្រំដែនត្រូវកំណត់ដោយច្បាប់ មិនមែនដោយកាំភ្លើង; អធិបតេយ្យភាពកើតចេញពីសិទ្ធិស្របច្បាប់ មិនមែនពី faits accomplis ដែលបង្កើតដោយកម្លាំងឡើយ ហើយការឈ្លានពានមិនអាចក្លាយជាប័ណ្ណកម្មសិទ្ធិលើទឹកដីបានឡើយ៕



