Detail Top Banner – Conway

ត្រាំ ប្រកាសសង្គ្រាមសេដ្ឋកិច្ច ខ្លាំងក្លាបំផុត ដើម្បីផ្តាច់ដង្ហើមអ៊ីរ៉ង់

បន្ទាប់ពីចាយពេល៦ខែ ចរចាគ្នាមិនត្រូវដើម្បីបញ្ឈប់ការវាយប្រហារប្រដាប់អាវុធ ពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជាប្រកាសសង្គ្រាមសេដ្ឋកិច្ច ជាមួយអ៊ីរ៉ង់វិញម្តង ក្នុងគោលបំណងកម្ទេចកាត់ផ្តាច់លំហូរនៃចំណូល និងធ្វើឲ្យទីក្រុងតេហេរ៉ង់ នៅឯកោ។

លោក ដូណាល់ ត្រាំ 

ក្នុងអ្វីដែលលោកត្រាំ អះអាងថាជា ប្រតិបត្តិការសេដ្ឋកិច្ចអាក្រក់បំផុត មិនធ្លាប់មានពីមុនមកសោះនោះ! ប្រមុខសេតវិមាន ក៏ព្រមានដែរថា ប្រទេសណាក៏ដោយ ឲ្យតែធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខជាមួយទណ្ឌកម្ម ក៏ដូចជាផលវិបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ លោកត្រាំ ប្រកាសថា៖ បើប្រទេសណា ហ៊ានអនុញ្ញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬស្ថាប័នរដ្ឋាភិបាលរបស់ខ្លួន ផ្តល់ជំនួយ ឬច្រកដកដង្ហើមគ្រប់ប្រភេទ ដល់អ៊ីរ៉ង់ នោះនឹងត្រូវប្រឈមមុខជាមួយ ផលវិបាកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត ដោយខ្លួនឯង។ ការរត់ពន្ធប្រេង, ខ្សែបណ្តាញដោះដូរ, ការផ្ទេរប្រាក់សុទ្ធ, គ្រឹះស្ថានប្តូរប្រាក់, ការចុះបញ្ជីនាវា, និងក្រុមហ៊ុនស្រមោល ដែលរឿងទាំងអស់នេះ ត្រូវតែបញ្ឈប់ជាបន្ទាន់»។

សូមជម្រាបថា ការប្រកាសរបស់លោកត្រាំ កើតឡើងបន្ទាប់ពី MoU ៦០ថ្ងៃ ​រវាងអាមេរិក និងអ៊ីរ៉ង់ បានផុតកំណត់ ដោយ​ប្រទេសទាំងពីរស្ថិតក្នុងភាពជាប់​គាំង ហើយគ្មានកិច្ចព្រមព្រៀងជំនួស​ណាមួយ អាចមើល​ឃើញ​ឡើយ រហូត​ដល់​ពេលនេះ​។

ប្រមុខសេតវិមាន ដូណាល់ ត្រាំ ​និយាយថា ខ្លួន​មិនចង់បន្ត​កិច្ច​ព្រម​ព្រៀង​ទៀត​ទេ ហើយមន្ត្រីអ៊ីរ៉ង់ក៏បាន​កត់​សម្គាល់ដែរថា ការរំលោភ​បំពានគ្នាទៅវិញទៅមក ជាច្រើនសប្តាហ៍​បន្ទាប់ពីការចុះហត្ថលេខា ធ្វើឲ្យក្របខ័ណ្ឌនេះ​គ្មានន័យ ធ្វើឲ្យការចរចានាពេលអនាគតជាប់​គាំងលើច្រកសមុទ្រ Hormuz និងការចម្រាញ់សារធាតុអ៊ុយ​រ៉ាញ៉ូម៕

ព័ត៌មានទាក់ទង
×
Popup Banner