ចៅក្រមសម្រេចឃុំខ្លួនបុរស ស្ទាក់វាយម្ចាស់រថយន្តដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមបទចោទចំនួន៤បទល្មើស
បុរសម្នាក់ដែលជិះម៉ូតូទៅស្ទាក់រថយន្ត រួចបង្កហិង្សាលើម្ចាស់រថយន្ត ត្រូវបានចៅក្រមសម្រេចចោទប្រកាន់ចំនួន ០៤បទល្មើស រួចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី ១ ( ព្រៃស ) ជាបណ្តោះអាសន្ន។

បើតាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានអោយដឹងថា តំណាងអយ្យការបាន បើកការ ស៊ើបសួរ និងសម្រេចធ្វើការ ចោទប្រកាន់បុរសខាងលើដែលបង្កហិង្សាលើម្ចាស់រថយន្ដ ដោយច្រឡំស្មានថា «បើកបុកម៉ូតូមិត្តភក្តិរបស់ខ្លួនបណ្តាលអោយបាត់បង់ជីវិត» លើបទចោទ ចំនួន៤បទល្មើស រួមមានបទហិង្សា ដោយចេតនា , បទគំរាមកំហែង, បទជេរប្រមាថជាសាធារណៈ និង បទធ្វើអោយខូចខាត ដោយចេតនាតាមមាត្រា២១៧ ,មាត្រា២៣១ មាត្រា៣០៧ និង មាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកផងដែរថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និង ០២នាក់ទៀត រងរបួសធ្ងន់។ បន្ទាប់ពីមានករណីនេះកើតឡើង ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Honda PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1MN -1070 កំពុងជិះម៉ូតូតាមផ្លូវ បានឮគេស្រែកថា ម្ចាស់រថយន្តម៉ាក Aion ពណ៍ស បើកបុករត់ ។ ភ្លាមៗ បុរសខាងលើ បានជិះម៉ូតូខាងលើទៅស្ទាក់ឃាត់រថយន្ត រួចអូសអ្នកបើករថយន្ត ចេញមកក្រៅរួចបង្កហិង្សា វាយបណ្តាលអោយម្ចាស់រថយន្ត រងរបួសឈាមមាត់ បង្កភ្ញាក់ផ្អើលតែម្តង៕





